បន្ទាយមានជ័យ ៖ ឈ្មួញលួចនាំទំនិញឆ្លងដែនពីថៃដោយខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ បង្ក្រាបចាប់ឃាត់ខ្លួន រួមជាមួយទំនិញ កាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមឈ្មួញឆ្លៀតឱកាស នៅតែបន្តលួចនាំទំនិញពីថៃចូលកម្ពុជា មិនខ្លាច មិនញញើតច្បាប់ ទោះបីជាមានការណែនាំ និងព្រមានយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញមួយចំនួននៅតែលួចនាំទំនិញគេចពន្ធឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ហើយកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់បានជាបន្តបន្ទាប់ ។

នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងចម្រុះស្រុក
រួមគ្នាជាមួយយោធាកងពលតូចថ្មើរជើងលេខ៥១ ល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញឈ្មួញលួចនាំចូលទំនិញពីស្រុកថៃដោយខុសច្បាប់ ហើយធ្វើការឃាត់ខ្លួន
ជនខាងលើ មានឈ្មោះ ស្រី សម្ផស្ស ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ សមត្ថកិច្ចដកហូតបាន ៖ ម្សៅទឹកដោះគោឆុងកូនក្មេង ម៉ាក DUPRO ចំនួន២១កេស ស្មើនឹង ២៥២ កញ្ចប់តូច) កំប៉ុងឆុងទឹកដោះគោកូនក្មេង ចំនួន១កេស ,ម៉ូតូរ៉ឺម៉កកង់បី ១រឿង មធ្យោបាយដឹកជញ្ជូន ។

ជនសង្ស័យបានសារភាពថា ៖ ខ្លួនស៊ីឈ្នួលដឹកអីវ៉ាន់ឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជាចំនួន៣លើក មកហើយ ឲ្យឈ្មោះ ចិន និងប្រពន្ធឈ្មោះ ណប់ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ជិតផ្ទះរបស់ខ្លួន ។
អត្ថបទ៖តាតុងសែនជ័យ

