កំពង់ធំ៖ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្បទានដី និងសហការលះបង់ផលប៉ះពាល់មួយចំនួន ដើម្បីបើក និងពង្រីកផ្លូវថ្មីចំនួន៧ខ្សែ ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ខណៈប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងសាទរចំពោះគម្រោងអភិវឌ្ឍន៍នេះ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសលោកចុះជួបសំណេះសំណាល និងពិនិត្យទីតាំងបើកពង្រីកផ្លូវ ដែលមានប្រវែងសរុបជាង២គីឡូម៉ែត្រ ស្ថិតក្នុងភូមិលាបទង ភូមិទ្រា ភូមិតាចរ និងភូមិច្រាំងស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

លោក សាយ គឹមឡម បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្បទានដី គឺជាកត្តាសំខាន់ដែលជួយឱ្យគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាចអនុវត្តបានលឿន និងផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់សហគមន៍។ លោកក៏បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាថែរក្សាផ្លូវ ប្រព័ន្ធរំដោះទឹក និងជៀសវាងការរំលោភលើដីចំណីផ្លូវសាធារណៈ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរឃុំទ្រា ឱ្យពន្លឿនការរៀបចំគម្រោង និងប្រើប្រាស់ថវិកាមូលនិធិឃុំ ដើម្បីអនុវត្តការសាងសង់ផ្លូវឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុក និងប្តេជ្ញាសហការយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងបើក និងពង្រីកផ្លូវថ្មីនេះអាចសម្រេចបានតាមផែនការកំណត់។

អត្ថបទ៖ កំពង់ធំ

