ម៉ែសុត៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានរុញច្រានដល់ចំណុចប្រកាសអាសន្នខ្ពស់ ក្រោយពីកងទ័ពជើងគោកថៃបានចេញសេចក្តីព្រមានដាច់អហង្ការថា នឹងបើកការវាយបកបាញ់តបតវិញភ្លាមៗដោយគ្មានការរារែក ប្រសិនបើមានគ្រាប់រំសេវសត្រូវណាមួយ ហោះឆ្លងមកយាយីអាយុជីវិតពលរដ្ឋ និងអធិបតេយ្យភាពទឹកដីថៃបន្តទៀត។

ការចេញមុខព្រមានបែបនេះ បានធ្វើឡើងបន្ទាប់ពីសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវ និងការផ្ទុះអាវុធទ្រង់ទ្រាយធំពេញមួយយប់រវាងកងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ជាមួយកងទ័ពចលនាតស៊ូបំបែករដ្ឋការ៉ែន (KNLA) និងកម្លាំងការពារប្រជាជន (PDF) ក្នុងការដណ្តើមគ្រប់គ្រងមូលដ្ឋានយុទ្ធសាស្ត្រជួរមុខ។ ក្នុងជម្លោះដ៏ស្រួចស្រាលនោះ គ្រាប់កាំភ្លើងយន្តធុនធ្ងន់ និងគ្រាប់កាំភ្លើងត្បាល់ខ្នាត ៦០មីលីម៉ែត្រ និ​ង ៩០មីលីម៉ែត្រ ជាច្រើនគ្រាប់ បានហោះរំលងខ្សែបន្ទាត់ព្រំដែន មកបុកទម្លុះជញ្ជាំងផ្ទះសម្បែងប្រជាពលរដ្ឋថៃចំនួន ៣ខ្នង យ៉ាងរន្ធត់ នៅក្នុងស្រុកម៉ែសូត ខេត្តតាក រួមទាំងផ្ទះរបស់អតីតមេភូមិផងដែរ ដោយត្រូវបង្ខំឱ្យអ្នកភូមិនៅតាមតំបន់នោះរត់គេចចេញ ដើម្បីរកជម្រកសុវត្ថិភាពទាំងកណ្តាលអធ្រាត្រ។

ភ្លាមៗបន្ទាប់ពីកើតហេតុ បញ្ជាការដ្ឋានកងទ័ពថៃបានបញ្ជូនយន្ដហោះចម្បាំង F-16 ចំនួន ២គ្រឿងឱ្យហោះហើរល្បាតត្រៀមលក្ខណៈប្រយុទ្ធជាបន្ទាន់ នៅលើដែនអាកាសស្រុកភុបព្រះ ខេត្តតាក ដើម្បីស្ទាក់ចាប់ និងការពារការរំលោភបំពានពីយន្តហោះចម្បាំងមីយ៉ាន់ម៉ា។ ជាមួយគ្នានោះ បញ្ជាការដ្ឋានដដែល បានពង្រាយកងកម្លាំងពិសេសចម្រុះ «នរ៉េសូរ្យ» និង «រាជម៉ានូ» រួមជាមួយរថពាសដែកបំពាក់អាវុធធុនធ្ងន់ និងកងទ័ពថ្មើរជើង ចូលទៅកាន់កាន់កាប់ភូមិសាស្ត្ររងគ្រោះភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងការពារខ្សែត្រៀមជួរមុខភ្លាមៗ។

ទន្ទឹមនោះមេបញ្ជាការយោធាថៃប្រចាំតំបន់ព្រំដែន បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កងទ័ពបានដាក់រនាំងការពារ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការបើកការវាយបកកម្ទេចរាល់ប្រភពបាញ់ ចេញពីត្រើយម្ខាង។ ទោះជាយ៉ាងណា យោធាថៃនឹងអនុវត្តតាមវិធានការការទូតយោធាពីស្រាលទៅធ្ងន់ ដោយចាប់ផ្តើមពីការបាញ់គ្រាប់ព្រមានសញ្ញាជាមុន ប៉ុន្តែប្រសិនបើភាគីជម្លោះមីយ៉ាន់ម៉ានៅតែបន្តបណ្តែតបណ្តោយឱ្យគ្រាប់រំសេវធ្លាក់លើដីថៃ និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋថៃទៀតនោះ វិធានការកម្ទេចនឹងត្រូវអនុវត្តភ្លាមៗដោយគ្មានការលើកលែង។

សូមជម្រាបថា កាលពីដើមសប្ដាហ៍នេះ កងទ័ពអាកាសមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះប្រភេទ Y-12 ទម្លាក់គ្រាប់បែកចំនួន ៣៣គ្រាប់ នៅក្បែរព្រំដែនថៃ ដោយវាយប្រហារលើបន្ទាយក្រុមកងកម្លាំងការ៉ែន និងផ្ទះរបស់ពលរដ្ឋថៃនៅក្បែរតំបន់ព្រំដែន។ កត្តាទាំងអស់នេះបានធ្វើឱ្យពលរដ្ឋថៃនៅទីនោះរស់នៅមានការភិតភ័យ និងរងគ្រោះជាបន្ដបន្ទាប់ ខណៈភាគីថៃមិនទាន់មានចំណាត់ការតបតណាមួយជាដុំកំភួនទៅវិញនោះទេ៕

ប្រភព៖ Thairath

ចុចអាន៖ ពលរដ្ឋថៃរងគ្រោះដោយសារមីយ៉ាន់ម៉ាទៀតហើយ! គ្រាប់ត្បាល់ និងកាំភ្លើងយន្ត ហោះឆ្លងដែនបា.ញ់ស្រោចចំផ្ទះអ្នកស្រុក

Share.