រដ្ឋាភិបាលស៊ីរីបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន ២ លើកជាប់ៗគ្នា នៅកណ្តាលទីក្រុងដាម៉ាស កាលពីព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនេះបានកើតឡើងចំពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសនេះ។

តាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃស៊ីរី គ្រាប់បែកកែច្នៃទាំងនោះត្រូវបានគេយកទៅបង្កប់នៅក្នុងរថយន្ត និងធុងសំរាមមួយកន្លែង ដែលស្ថិតនៅក្បែរសណ្ឋាគារ Four Seasons ជាទីកន្លែងដែលលោកប្រធានាធិបតីបារាំងបានស្នាក់នៅ។ ការផ្ទុះលើកដំបូងបានបង្កឱ្យមានការខូចខាតសម្ភារៈ ប៉ុន្តែមិនមានអ្នករងរបួសឡើយ។ ទោះជាយ៉ាងណា នៅពេលដែលកម្លាំងសន្តិសុខ និងប៉ូលីសចរាចរណ៍ដេញជើងចូលទៅត្រួតពិនិត្យ និងបោសសម្អាតតំបន់នោះ គ្រាប់​បែកទីពីរក៏បានផ្ទុះឡើងបន្ថែមទៀតនៅចម្ងាយប្រហែល ២០ ម៉ែត្រពីគ្នា បណ្តាលឱ្យមនុស្ស ១៨ នាក់រងរបួសភ្លាមៗ ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលីសចំនួន ៤ នាក់ផងដែរ។

ទាក់ទិននឹងសុវត្ថិភាពរបស់ប្រធានាធិបតីបារាំង មន្ត្រីការទូតបារាំងបានបញ្ជាក់ថា លោក ម៉ាក្រុង មានសុវត្ថិភាពទាំងស្រុង និងមិនបានឮសំឡេងផ្ទុះនោះឡើយ។ ភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ លោកបានបន្តកម្មវិធីបំពេញទស្សនកិច្ចទៅកាន់វិមានប្រធានាធិបតី ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីស៊ីរី គឺលោក Ahmed al-Sharaa ដូចការគ្រោងទុក។

ទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះក្តី ក្រសួងមហាផ្ទៃស៊ីរីបានបង្ហើបថា ខ្លួនបានរកឃើញតម្រុយដំបូងខ្លះៗដែលឈានទៅរកមុខសញ្ញាជនដៃដល់ហើយ។ ហេតុការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំធេងដែលអាជ្ញាធរស៊ីរីកំពុងជួបប្រទះ និងបានជះឥទ្ធិពលមិនល្អដល់ទស្សនកិច្ចលើកដំបូងបង្អស់របស់មេដឹកនាំសហភាពអឺរ៉ុប គិតចាប់តាំងពីការដួលរលំនៃរបប Bashar al-Assad។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានបង្ហាញជំហររឹងមាំដោយបានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ «គ្មានអ្វីអាចមករារាំងបំណងប្រាថ្នារបស់ប្រជាជនស៊ីរី ក្នុងការរស់នៅក្នុងប្រទេសដែលមានអធិបតេយ្យភាព សុវត្ថិ​ភាព និងឯកភាពនោះឡើយ»។ នៅក្នុងសន្និសីទកាសែតរួមគ្នា លោកក៏បានសង្កត់ធ្ងន់ពីការឈរនៅក្បែរអ្នករងគ្រោះ និងការមិនរុញរាលើបញ្ហាសន្តិសុខ។ លោក អាម៉េដ អាល់សារ៉ា ក៏បានកោតសរសើរចំពោះ «ភាពក្លាហាន» របស់លោក ម៉ាក្រុង ដែលបានបន្តដំណើរទស្សនកិច្ចនេះ។

គួររំលឹកផងដែរថា ក្រៅពីកិច្ចពិភាក្សាលើបញ្ហាសន្តិសុខ ទស្សនកិច្ចរបស់លោក ម៉ាក្រុង ផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ស៊ីរីឡើងវិញ ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំធុរកិច្ចបារាំង និងបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ១៥ លើវិស័យអាកាសចរណ៍ស៊ីវិល សុខាភិបាល និងធនាគារផងដែរ។

បច្ចុប្បន្ន រដ្ឋាភិបាលថ្មីរបស់លោក សារ៉ា កំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខពីក្រុមប្រដាប់អាវុធជាច្រើន ជាពិសេសគឺក្រុមរដ្ឋអ៊ីស្លាម (IS) ដែលបានបង្កការវាយប្រហារជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមទាំងការផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងដាម៉ាស កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ៩ នាក់ និងរបួស ២២ នាក់៕

https://troryorng.com/
Share.