ការប្រើឃ្លាប្រយោគប្រៀបធៀប ដើម្បីជាគតិពិចារណាលើសភាពអ្វីមួយ ឬដាស់ស្មារតីឱ្យភ្ញាក់រឭក គឺជាសិល្បៈក្នុងការប្រៀនប្រដៅមនុស្ស ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ របៀបនេះនៅតែពេញនិយមប្រើ ត្បិតវាបានជួយឱ្យមនុស្ស ជាពិសេសក្មេងៗជំនាន់ក្រោយ មានបំណិនក្នុងការគិតពិចារណា ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពមួយមកប្រៀបធៀបជាមួយខ្លួនឯង និងចេះអប់រំខ្លួនឯងថាគួរយកតម្រាប់តាម ឬមិនគួរយកតម្រាប់តាម។

ជាក់ស្ដែងឃ្លាថា «កង្កែបក្នុងអណ្ដូង និងក្អាត់ក្នុងក្អម» បានក្លាយជាស្លោកពេញនិយមដែលពលរដ្ឋខ្មែរតែងលើកយកទៅប្រៀបធៀបនឹងជនណាដែលមើលឃើញមិនសូវទូលំទូលាយ និងមានចរិតក្អេងក្អាង។ ស្លោកពីរឃ្លានេះ ប្រសិនបើបកស្រាយដោយមិនបានកំណត់ឱ្យជាក់លាក់ទេ នោះអាចនឹងច្រឡំគ្នា ប៉ុន្តែបើបែងចែកឱ្យដាច់ស្រឡះ នោះវាមានន័យសំដៅលើមនុស្សពីរប្រភេទផ្សេងគ្នា។

កង្កែបក្នុងអណ្ដូង ជាទូទៅគឺសំដៅលើជនណាដែលមានចំណេះដឹងបន្តិចបន្តួច មានពិសោធន៍ និងមើលឃើញមិនសូវវែងឆ្ងាយ មិនសូវបានចេញដើរឱ្យស្គាល់សង្គមខាងក្រៅ នៅតែមួយក្រវិចជុំវិញខ្លួន ហើយគិតថាចំណេះដឹង និងសង្គមដែលខ្លួនស្ថិតនៅនោះធំទូលាយណាស់ មិនគិតចង់ចេញដើរស្គាល់សង្គមខាងក្រៅ ឬស្វែងរកចំណេះដឹងថ្មីៗឯណាទៀតឡើយ។ សភាពជនប្រភេទនេះ ប្រៀបបានដូចជាសត្វកង្កែបមុជងើបៗតែនៅក្នុងទឹកអណ្ដូង មើលឃើញថាផែនដីទាំងមូលប៉ុនតែមាត់អណ្ដូងដែលខ្លួនរស់នៅ ដោយមិនដែលដឹងថាមហាសមុទ្រធំប៉ុនណានោះឡើយ។

នៅក្នុងសៀវភៅ លោកនីតិបករណ៍ រៀបរៀងដោយ ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានលើកយកព្រះពុទ្ធភាសិតមកបង្ហាញដូច្នេះថា៖

អប្បស្សុតោ សុតំ អប្បំ ពហុំ មញ្ញតិ មានវា សិន្ធូទកមបស្សន្តោ កូបេ តោយំវ មណ្ឌុកោ

ប្រែថា៖

ខ្លៅប្រៀនរៀនត្រាប់ស្ដាប់តិចតួច            សម្គាល់ថាខ្លួនស្រួចមិនចេះទាល់

មិនដឹងពុទ្ធវេចន៍សេសសល់                  ដូចកលកង្កែបបែបកម្លៅ។

នៅក្នុងអណ្ដូងរណ្ដៅទាល់                     មិនដែលទៅស្គាល់សមុទ្រជ្រៅ

សម្គាល់អណ្ដូងដែលខ្លួននៅ                   ថាជ្រៅហើយធំលើសនានា។

ចំណែកឯឃ្លាថា «ក្អាត់ក្នុងក្អម» ដែលមកពីឃ្លាពេញថា «ក្អេងក្អាងដូចក្អាត់ក្នុងក្អម» គឺជាពាក្យស្លោកខ្មែរនិយមប្រើសំដៅលើជនណាដែលមានអំណួត អួតអាងកកែកកកោកតែមាត់ ប៉ុន្តែមិនដែលធ្វើអ្វីបានជាលទ្ធផលជាក់ស្ដែង ឬអាងតែមានចំណេះដឹង ឬសមត្ថភាពតិចតួច ប្រឹងនិយាយឡូឡា ស្រែកកោកកាកតែនៅក្នុងរង្វង់មួយក្រវិចដែលខ្លួននៅ ប៉ុន្តែចេញទៅណាមិនរួចទេ ព្រោះខ្វះសមត្ថភាព និងលទ្ធភាពពិតប្រាកដ។ ជនប្រភេទនេះ បើនៅស្ងាត់គេថាចម្លែក តែបើបើកមាត់បើកកនោះគឺរំខាន ម្ល៉ោះហើយគេច្រើនតែមិនសូវរវល់ជាមួយឡើយ។ សភាពជនប្រភេទនេះគេប្រៀបទៅនឹងសត្វក្អាត់ខ្លួនតូចតែសំឡេងឮ ដែលគេចាប់ដាក់ក្នុងក្អមមានទឹកដក់បាតបន្តិច លោតទៅណាមិនរួច ចេះតែស្រែកកោកកាករំពងពេញក្នុងក្អម កាលណាគេថ្លង់ពេក គេនឹងគ្របមាត់ក្អមចោលទៅ។

សរុបមក កង្កែបក្នុងអណ្ដូង ឆ្លុះបញ្ចាំងអំពីផ្នត់គំនិត ចក្ខុវិស័យ ដែលចង្អៀតចង្អល់ និងឈ្លក់វង្វេងនឹងអ្វីដែលខ្លួនមាន ឬអ្វីដែលនៅជុំវិញខ្លួន។ ចំណែកឯង ក្អាត់ក្នុងក្អម ឆ្លោះបញ្ចាំងអំពីអាកប្បកិរិយាអំណួតក្អេងក្អាង ប៉ុន្តែមិនដែលធ្វើអ្វីមួយចេញជាលទ្ធផលឡើយ៕

Share.