បាងកក៖ ថ្មីៗនេះលោក អានុទីន នាយករដ្ឋមន្ត្រីថៃបាននូវរងការរិះគន់ដោយមិនសំចៃមាត់ពីអ្នកលេងបណ្ដាញសង្គម ជុំវិញល្បិចកលពូកែសម្ដែងចង់បានសន្តិភាព ដោយមាត់ស្រែកស្រឡាញ់សន្តិភាព តែក្នុងចិត្តល្មោភសង្គ្រាម។ នោះក៏ព្រោះតែអ្នកលេងបណ្ដាញសង្គមនៅចាំការបង្ហោះរបស់សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទម្លាយរឿងដែលនាយកណ្ដុររូបនេះបានយកជីវិតកងទ័ព និងប្រជាជនធ្វើជាឈ្នាន់នយោបាយប្រកាសសង្គ្រា.មជាមួយកម្ពុជា ដើម្បីស្វែងរកសន្លឹកឆ្នោតមកបំពេញអាសនៈរបស់ខ្លួន។

ដោយឡែកនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាយកណ្តុរ អានុទីន បានចូលរួមពិព័រណ៍ការពារជាតិ «THAIDEF-EX 2026» ដោយបានលើកឡើងពីការជំរុញរបស់រដ្ឋាភិបាលក្នុងការងាកមកពង្រឹងឧស្សាហកម្មការពារជាតិ ការនុម័តថវិកាការពារជាតិ និងការបង្កើតនវានុវត្តន៍បច្ចេកវិទ្យាយោធា។ ប្រយោគដ៏សែនផ្អែមល្ហែមតែមានរសជាតិល្វីងជាងស្ដៅមួយ ត្រូវបាន អានុទីន ថ្លែងឡើងថា «បង្កើតសេចក្ដីស្រឡាញ់ មិនមែនសង្គ្រាមឡើយ (Make Love, Not War)» នោះមានភាពផ្ទុយស្រឡះពីសម្ដីដែលខ្លួនធ្លាប់បានប្រកាសសង្គ្រាមជាមួយប្រទេសជិតខាង កាលពី ១០ខែមុន មុននឹងឡើងមកកាន់តំណែងកៅអីក្ដៅពេញទី។

សម្ដីបែបលាក់ពុត និងល្បិចកលនយោបាយរបស់មេដឹកនាំថៃរូបនេះ កំពុងរងនូវព្រនង់រិះគន់ភ្លាមៗពីអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសការកត់សម្គាល់ឃើញពីសកម្មភាពពង្រឹង និងបង្អួតសព្វាវុធរបស់ថៃដាក់ប្រទេសក្បែរខាងនាពេលនេះ ហាក់បង្ហាញពីមហិច្ឆតាយោធា និងការគំរាមកំហែងជាងការចង់បានសន្តិភាពពិតប្រាកដ។

គេនៅចាំបានថា នៅពេលដែល អានុទីន ចេញឃោសនារកសំឡេងឆ្នោតថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្រាប់តែសម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារយ៉ាងក្ដៅគគុក ភ្ជាប់ជាមួយរូបថត និងវីដេអូរបស់លោក ដោយបានលាតត្រដាងថា «មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីនដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ»។ សម្ដេចតេជោថ្លែងបន្ថែមថា៖ «ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភក្រ័ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិ តែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ»។

មែនទែនទៅ ល្បែងនយោបាយមុខ២ របស់នាយកណ្ដុរ អានុទីន ម្ខាងបង្កើតរឿងប្រកាសសង្គ្រាមដើម្បីកៀរគរសន្លឹកឆ្នោត និងបង្អួតអាវុធយោធា ចំណែកម្ខាងទៀតបែរជានិយាយពាក្យផ្អែមល្ហែមបំភ័ន្តភ្នែកអន្តរជាតិថា ប្រទេសជាតិខ្លួនស្រែកឃ្លានសន្តិភាព នោះមិនខុសអីពីពាក្យចាស់និយាយថា ខោកក្បាលអង្អែលខ្នងប្រជាពលរដ្ឋខ្លួនដែលមិនបានរៀនសូត្រមានចំណេះដឹងពិតប្រាកដ និងងាយចាញ់ឧបាយកលនោះទេ៕

ប្រភព៖ Khaosod English

Share.