ក្រសួងទេសចរណ៍ បកស្រាយជុំវិញអភិក្រមរបស់ខ្លួន ដោយប្រើឃ្លាប្រៀបធៀប «នាំកង្កែបចេញពីអណ្ដូង»។ ក្រសួងអះអាងថា នឹងកែសសម្រួលឃ្លានៃអភិក្រមខាងលើ បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គម និងក្រុមបញ្ញាវន្ត។

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីធ្វើការបកស្រាយនិងបំភ្លឺជុំវិញការប្រើប្រាស់អភិក្រមរបស់ខ្លួន ដែលមានការប្រើប្រាស់ឃ្លាប្រៀបធៀប «ការនាំកង្កែបចេញពីអណ្តូង» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងបានទទួលស្គាល់ថា ការប្រើប្រាស់ឃ្លាប្រៀបធៀបខាងលើនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងការយល់ន័យផ្សេងៗគ្នា ពីគោលបំណងដើមពិតប្រាកដផងដែរ។
ឆ្លើយតបនឹងការជជែកដេញដោល និងមតិរិះគន់នានាពីមជ្ឈដ្ឋានជុំវិញ ក្រសួងទេសចរណ៍បានបង្ហាញជំហរបើកចំហ តម្លាភាព និងការស្ដាប់មតិយោបល់ពីគ្រប់ទិសទី ដោយបានថ្លែងអំណរគុណ និងប្រកាសទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីយកទៅធ្វើការកែលម្អការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្របដណ្តប់គ្រប់ជ្រុងជ្រោយជាងមុន។ ស្ថាប័នជំនាញទេសចរណ៍មួយនេះ បានសង្កត់ធ្ងន់ថា ការកែលម្អនេះនឹងឆ្លុះបញ្ចាំងអំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្រោមការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនឡើង។
ជាមួយគ្នានោះដែរ ក្រសួងទេសចរណ៍ក៏បានសម្តែងការដឹងគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ជាតិកន្លងមក។ ក្រសួងបានបង្ហាញក្ដីរំពឹងនិងជំនឿចិត្តយ៉ាងមុតមាំថា ផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការបន្តរួមសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋគ្រប់រូប នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនគ្រប់រូប៕


