ភ្នំពេញ៖ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ ដើម្បីត្រៀមរៀបចំពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។





ពិព័រណ៍ឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ «ពន្លកបៃតង» ដោយក្រសួងបរិស្ថាននឹងចែកជូនកូនឈើចម្រុះ រួមមានកូនឈើព្រៃ កូនឈើហូបផ្លែ និងកូនត្នោត ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ការដាំដើមឈើ ពង្រីកគម្របព្រៃបៃតង ចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានបណ្តុះកូនឈើជាង ៥,៣លានដើម តាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង។


បច្ចុប្បន្ន កូនឈើចម្រុះជាង ១លានដើម ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងរៀបចំពិព័រណ៍ជាបន្តបន្ទាប់ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ។ តាមផែនការឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើសរុបចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ព្រមទាំងឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ ដើម្បីជំរុញចលនាដាំដើមឈើ និងបង្កើនគម្របបៃតងនៅទូទាំងប្រទេស។





អត្ថបទ៖ ត្រយងតូច

