ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងប្រគល់ធុងសំរាមចំនួន ៥,០០០ធុង ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីបន្តចែកជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។



ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា កិច្ចសហការនេះស្របតាមគោលការណ៍ «សុខភាពតែមួយ» ដែលផ្តោតលើការលើកកម្ពស់សុខភាពមនុស្ស សត្វ និងបរិស្ថានជារួម។ ឯកឧត្តមបានបង្ហាញជំនឿថា អនុស្សរណៈនេះនឹងជំរុញឱ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងរដ្ឋ និងឯកជន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនមែនសម្រាប់វេជ្ជសាស្ត្រ ដើម្បីរួមចំណែកថែរក្សាបរិស្ថានឱ្យកាន់តែស្អាត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការការពារបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការរវាងក្រសួងទាំងពីរនេះ នឹងជួយពង្រឹងការគ្រប់គ្រងសំណល់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីឱ្យកម្ពុជាមានបរិស្ថានស្អាត បៃតង គ្មានការបំពុល និងលើកកម្ពស់សុខភាពសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានអស់រយៈពេលជាង ២ឆ្នាំ ការនាំចូលផលិតផលប្លាស្ទិកបានធ្លាក់ចុះប្រមាណ ៨៥ភាគរយ។
ឯកឧត្តមក៏បានអំពាវនាវឱ្យសាធារណជនបន្តគាំទ្រយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បីរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក និងការបំពុលបរិស្ថាន។
ក្នុងឱកាសនោះ ក្រសួងបរិស្ថានក៏បានប្រគល់ធុងសំរាមចំនួន ៥,០០០ធុង ជូនក្រសួងសុខាភិបាល សម្រាប់ចែកជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំណល់ និងអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ ត្រយងតូច

