ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកក្រណាត់ និងម៉ាស៊ីនដេរ របស់រោងចក្រឌីឡាក់ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងដែលរងអគ្គិភ័យ គឺជាឃ្លាំងសំណង់គ្រោងដែក ប្រក់ស័ង្កសី ជញ្ជាំងថ្ម មានទំហំប្រហែល ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដែលប្រើសម្រាប់ស្តុកក្រណាត់ និងម៉ាស៊ីនដេរ របស់រោងចក្រឌីឡាក់ (អតីតរោងចក្រសាន់តិច)។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមមានរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងយ៉ាងសកម្ម។

ប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងបានបន្តរហូតដល់វេលាម៉ោង ២ និង៣០នាទីយប់ ចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ទើបអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈនៅក្នុងឃ្លាំង ដូចជាក្រណាត់ និងម៉ាស៊ីនដេរ រងការខូចខាតជាច្រើន ប៉ុន្តែអគ្គិភ័យមិនបានឆាបឆេះដល់ផ្នែកផលិតកម្មក្នុងរោងចក្រនោះទេ។ ចំពោះមូលហេតុនៃការកើតអគ្គិភ័យ កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច៕

អត្ថបទ៖ តាតុងសែនជ័យ

Share.