ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លើផ្ទះចំនួន៥ កន្លែង ស្ថិតនៅក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។



ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន១៣នាក់ ក្នុងនោះមានស្ត្រី១នាក់ ដែលពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ និងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (SCAM ONLINE)។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលត្រូវបានគេសង្ស័យថា ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសផងដែរ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ប្រតិបត្តិការនេះត្រូវបានអនុវត្តបន្ទាប់ពីមានការស្រាវជ្រាវ និងឃ្លាំមើលជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដែលកំពុងកើតមាន។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បន្តអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

