ស្ទឹងត្រែង៖ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ នៅខេត្តស្ទឹងត្រែង បានទទួលការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការលេបថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ព្រមទាំងទទួលអំណោយមនុស្សធម៌ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ពិធីនេះដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងក្រុមការងារពាក់ព័ន្ធ។លោកជំទាវ ពុំ ចន្ទីនី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវឱ្យអ្នកផ្ទុកមេរោគអេដស៍បន្តលេបថ្នាំឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ដើម្បីរក្សាសុខភាព និងសម្រេចគោលដៅ «ម=ម» ដែលមានន័យថា មិនអាចរាប់មេរោគក្នុងឈាម ស្មើនឹងមិនអាចចម្លងមេរោគទៅអ្នកដទៃ។

ទន្ទឹមនឹងនេះ ក៏បានលើកទឹកចិត្តឱ្យការពារខ្លួនពីជំងឺផ្សេងៗ និងចូលរួមផ្សព្វផ្សាយចំណេះដឹងនៅក្នុងសហគមន៍ ខណៈស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព និងធ្វើតេស្តរកមេរោគអេដស៍ និងស្វាយ ដើម្បីបង្ការការឆ្លងពីម្តាយទៅកូន។

ក្នុងឱកាសនោះ អ្នកផ្ទុកមេរោគអេដស៍ទាំង ៥០នាក់ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ៗរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស ទឹកដោះគោ ១កេស ឃីតសម្ភារៈប្រើប្រាស់ ១កញ្ចប់ និងថវិកា ៥០,០០០រៀល ដើម្បីជួយសម្រាលជីវភាពរស់នៅ។

Share.