ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដាក់ចេញអាទិភាពគន្លឹះចំនួន ៥ចំណុច ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងមានភាពធន់ ស្របតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដោយឯកឧត្តមបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

អាទិភាពគន្លឹះទាំង៥ រួមមាន ការពង្រឹងសមត្ថភាព និងក្រមសីលធម៌មន្ត្រីរាជការ, កែលម្អប្រព័ន្ធ និងយន្តការការងារ, កសាងវប្បធម៌ការងារស្ថាប័ន, ជំរុញការធ្វើឌីជីថលូបនីយកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការងារ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមិនទាន់ល្អឥតខ្ចោះនៅឡើយ ហើយទាមទារការពង្រឹងកម្លាំងផ្ទៃក្នុង កិច្ចសហការ និងសមត្ថភាពសម្របខ្លួន ដើម្បីឆ្លើយតបនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសម្ពាធសេដ្ឋកិច្ចសកល។

ឯកឧត្តមក៏បានអំពាវនាវឱ្យមន្ត្រីរាជការបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងឧត្តមគតិស្នេហាជាតិ ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

Share.