បាងកក៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ម្សិលម៉ិញនេះ នៅបារ និងភោជនីយដ្ឋានមួយកន្លែងឈ្មោះ Rong Beer Na Lat Phrao ស្ថិតនៅជាយក្រុងបាងកក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់បានបាត់បង់ជីវិត និង ៦៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ភ្លើងបានឆាបឆេះនិងរាលដាលយ៉ាងលឿនទៅដល់ពិដាន ហើយផ្សែងពុល គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យជនរងគ្រោះថប់ដង្ហើមស្លាប់។ លោកបានបន្តថា អាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះមួយចំនួននៅជិតទ្វារច្រកចេញអាសន្ន ដោយសង្ស័យថា មានរបាំងអ្វីមួយមកបិទខ្ទប់ផ្លូវចេញ។

ជុំវិញមូលហេតុនៃគ្រោះថ្នាក់នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលបានចុះពិនិត្យទីតាំងផ្ទាល់ បានបញ្ជាក់ដោយផ្អែកលើការរៀបរាប់របស់ក្រុមតន្ត្រីករថា គេបានឃើញមានផ្សែងហុយចេញពីប្រអប់ហ្វុយស៊ីប នៅជិតឆាកតន្ត្រី បន្ទាប់មកក៏ដាច់ចរន្តអគ្គិសនី និងមានការផ្ទុះឡើងតែម្តង។ ដោយសារតែភាពភ័យស្លន់ស្លោ និងកម្តៅដ៏ខ្លាំង ជនរងគ្រោះភាគច្រើនបានរត់ទៅពួននៅក្នុងបន្ទប់ទឹកខាងក្រោយដែលគ្មានច្រកចេញ។


បើតាមផ្នែកសង្គ្រោះបន្ទាន់បានឱ្យដឹងថា ទោះបីជាក្រុមពន្លត់អគ្គិភ័យទៅដល់ក្នុងរយៈពេល ៥នាទីក្រោយទទួលបានសេចក្តីរាយការណ៍ក៏ដោយ ប៉ុន្តែការចូលទៅជួយសង្គ្រោះមានភាពលំបាកខ្លាំង ដោយសារភ្លើងបានគ្របដណ្តប់ពេញផ្ទៃហាងទៅហើយ ម្យ៉ាងទៀតផ្លូវដើរខាងក្នុងត្រូវបានបិទខ្ទប់ដោយតុ និងកៅអីដែលរៀបចំរាយប៉ាយ។

សោកនាដកម្មលើកនេះ បានបន្តដាស់តឿន និងចោទជាសំណួរជាថ្មីម្តងទៀតអំពីវិធានការសុវត្ថិភាព និងការអនុវត្តច្បាប់ដ៏ធូររលុងនៅក្នុងក្លឹបកំសាន្ត និងបារនៅប្រទេសថៃ។ កន្លងមក ពិភពលោកធ្លាប់បានឃើញសោកនាដកម្មស្រដៀងគ្នានេះរួចមកហើយ ដូចជាគ្រោះអគ្គិភ័យនៅក្លឹប Mountain B ក្នុងឆ្នាំ២០២២ ស្លាប់ ២៥នាក់ និងករណីឆេះក្លឹប Santika ក្នុងឆ្នាំ២០០៩ ស្លាប់ ៦៧នាក់ ដែលសុទ្ធសឹងតែកើតឡើងដោយសារបញ្ហាប្រព័ន្ធភ្លើង និងការបិទខ្ទប់ទ្វារអាសន្នដូចគ្នា៕

