កោះកុង៖ អាជ្ញាធរឃុំជីផាត ស្រុកថ្មបាំ ខេត្តកោះកុង បានសម្រេចផ្អាកសកម្មភាពទេសចរណ៍ជាបណ្តោះអាសន្ន នៅតំបន់សហគមន៍ទេសចរណ៍ជីផាត–អារ៉ែង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យកម្រិតទឹកព្រែកកើនឡើង និងហូរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

តំបន់សហគមន៍ទេសចរណ៍ជីផាត គឺជាទិសដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ក្នុងខេត្តកោះកុង ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យអញ្ជើញទៅកម្សាន្តជាច្រើន ជាពិសេសនៅចុងសប្ដាហ៍។ ទោះជាយ៉ាងណា ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំ បានធ្វើឱ្យទឹកហក់ឡើង ហូរគំហុក និងជន់លិចនៅខ្លះៗ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលឃុំជីផាត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរបានសម្រេចផ្អាកការចម្លងសាឡាង និងសកម្មភាពធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ជាបណ្ដោះអាសន្ន ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះ និងមានសុវត្ថិភាពឡើងវិញ។

រដ្ឋបាលឃុំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ សូមមានការយោគយល់ និងជៀសវាងការធ្វើដំណើរទៅកាន់តំបន់ខាងលើ ក្នុងអំឡុងពេលនេះ ដើម្បីបង្ការហានិភ័យដែលអាចកើតមានដោយយថាហេតុ។

អាជ្ញាធរបានបញ្ជាក់ថា នឹងជម្រាបជូនដំណឹងសារជាថ្មីភ្លាមៗ នៅពេលស្ថានភាពទឹកធម្មតាវិញ និងអាចបើកដំណើរការទេសចរណ៍ឡើងវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.