ភ្នំពេញ៖ ក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយពន្ធនាគារខេត្តកណ្តាល ចាត់វិធានការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំជាស្រ្តីចំនួន ៥០នាក់ ជាបន្តបន្ទាប់។

ការសម្រេចភារកិច្ចផ្ទេរជនជាប់ឃុំជាស្ត្រីទាំង ៥០នាក់នេះ គឺត្រូវបានបញ្ជូនពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបន្តការឃុំឃាំង។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជួយរំដោះ និងកាត់បន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារខេត្តកណ្តាល ឱ្យមកនៅកម្រិតមួយសមស្រប។

កិច្ចប្រតិបត្តិការដឹកជញ្ជូន និងផ្ទេរជនជាប់ឃុំខាងលើនេះ ត្រូវបានចុះអនុវត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ ង៉ិល សេងលី ប្រធានការិយាល័យសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាបាននូវសន្តិសុខ សុវត្ថិភាពពេញលេញ៕


