បាត់ដំបង៖ ទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅប៉ែកខាងលើរបស់ស្រុកសំឡូត បង្ខំឱ្យរដ្ឋបាលស្រុកនៅប៉ែកខាងក្រោមបញ្ចេញកម្លាំងអន្តរាគមន៍តំបន់គ្រោះថ្នាក់ និងត្រៀមសង្គ្រោះពលរដ្ឋក្នុងស្ថានភាពធ្ងន់ធ្ងរ។

រដ្ឋបាលស្រុកសំឡូតបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងគិតត្រឹមរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ នៅតែបន្តធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យទឹកជំនន់បានហក់ឡើងខ្លាំង ដូចជាអូរតូចៗក្នុងឃុំតាតោក ដងស្ទឹងគ្រញូង ស្ទឹងបឡាង និងទឹកជន់បានហូរឆ្លងកាត់ផ្លូវជាតិលេខ ៥៧-៧ មួយកន្លែងផងដែរនៅត្រង់ចំណុចភូមិតាសាញត្បូង។

ស្ថានភាពជំនន់ទឹកភ្លៀងខាងលើបានជំរុញឲ្យរដ្ឋបាលស្រុកសំឡូតពន្លឿនណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំង ៧ បន្តតាមដាន និងត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ ស្ពាន និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ក្នុងគ្រាធ្ងន់ធ្ងរ។

ចំណែករដ្ឋបាលស្រុករតនមណ្ឌលនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា នេះបានឲ្យដឹងដែរថា ស្ថានភាពរួមទឹកក្នុងស្ទឹងស្រុករតនមណ្ឌលបានជន់ឡើង ក្រោយទ្វារទឹកទំនប់ពហុបំណងសេកសកបានបើកចំនួន ៣ ទ្វារដើម្បីបន្ធូរសំពាធទឹក។

ស្ថានភាពទឹកភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ប៉ែកខាងលើនេះ រដ្ឋបាលស្រុកបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋនៅប៉ែកខាងក្រោមទាំងអស់ ឲ្យយកចិត្តទុកដាក់តាមដានព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ ឬទ្រព្យសម្បត្តិនានា និងត្រៀមលក្ខណ:ក្នុងការផ្លាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពប្រសិនបើចាំបាច់៕

អត្ថបទ៖ ដំបងក្រញ៉ូង

Share.