ភ្នំពេញ៖ ក្រោយពីសារព័ត៌មានថៃបានផ្សាយដំណឹងស្ដីពីមន្ត្រីជាន់ខ្ពស់យោធាថៃ (លោកឧត្តមសេនីយ៍ឯក ប្រាផាស សនឆៃឌី ឬ «ប៊ីកកូ» នាយក JIC) បានចេញមុខចោទប្រកាន់កម្ពុជាទាំងបំពានថា ផ្តល់ព័ត៌មានតែម្ខាង និងបានប្រើប្រាស់ប្រាសាទបុរាណខ្មែរជាមូលដ្ឋានយោធាដើម្បីវាយប្រហារលើថៃនោះ វាហាក់ដូចជាមានចេតនាបំភាន់ការពិត និងលាបពណ៌មកលើកម្ពុជា ដែលជាល្បិចដោះខ្លួនពីការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិប៉ុណ្ណោះ។

ការអះអាងរបស់ថៃដែលថា ខ្លួនបាញ់ប្រហារដោយគោរពតាមគោលការណ៍ «សមាមាត្រ» និង «គោលដៅយោធា» គឺជាការភូតភរទាំងស្រុង។ ប្រជាជាតិទាំងមូល និងសហគមន៍អន្តរជាតិច្បាស់ជាចោទសួរទៅភាគីថៃវិញថា៖ «ប្រសិនបើថៃមានចេតនាការពារបេតិកភណ្ឌមែន តើការដែលថៃបាញ់កម្ទេចដងសន្ទូច (Crane) និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការងារជួសជុលប្រាសាទបុរាណនោះ តើវាជាគោលដៅយោធាបែបណា?» នេះស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃមានចេតនាបំផ្លិចបំផ្លាញ និងវាយប្រហារដោយ គ្មានការបែងចែករវាងតំបន់វប្បធម៌ និងតំបន់សឹកឡើយ។

នៅពេលដែលថៃបានបើកការឈ្លានពាន និងបាញ់រះមកលើទឹកដីកម្ពុជា បុគ្គលិកថែទាំនិងជួសជុលប្រាសាទជាច្រើននាក់បានជាប់គាំងនៅលើនោះ។ ពួកគេគឺជាសាក្សីរស់ដ៏សំខាន់ ដែលបានដឹងច្បាស់ថា នៅលើប្រាសាទមិនដែលមានមូលដ្ឋានទ័ព ឬការដាក់កាំភ្លើងធំវាយប្រហារទៅលើថៃដូចការលាបពណ៌នោះឡើយ។ អ្វីដែលកើតឡើង គឺកម្លាំងទាហានកម្ពុជាពីខាងក្រោម បានព្យាយាមឡើងមកជួយសង្គ្រោះ និងរំដោះប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកស៊ីវិលដែលជាប់គាំងពីការបាញ់ប្រហាររបស់ថៃតែប៉ុណ្ណោះ។

ការដែលមន្ត្រីជាន់ខ្ពស់ JIC ថៃ ចេញមកទាមទារឱ្យកម្ពុជាបញ្ឈប់ការផ្តល់ព័ត៌មានតែម្ខាង គឺជារឿងគួរឱ្យអស់សំណើច ព្រោះយោធាថៃខ្លួនឯងទេដែលជាអ្នកជំនាញខាងបង្កើតព័ត៌មានក្លែងក្លាយ (Fake News) និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួន។ ថៃតែងតែប្រើប្រាស់ផែនទីឯកតោភាគី (ផែនទីធ្វើឡើងដោយខ្លួនឯង) ដើម្បីរំលោភបំពានមកលើខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ដែលទទួលស្គាល់ដោយសាលក្រមតុលាការអន្តរជាតិក្រុងឡេអេ (ICJ)។ រាល់ពេលដែលមានការប៉ះទង្គិច គឺបណ្តាលមកពីការប៉ុនប៉ងពង្រីកទឹកដី និងការចល័តទ័ពចូលមកដីកម្ពុជាមុនពីសំណាក់យោធាថៃ ប៉ុន្តែថៃតែងតែប្រើល្បិច «ចោទប្រកាន់មុន» ដើម្បីធ្វើជាលេសបាញ់ប្រហារមកលើកម្ពុជា។ ថៃព្យាយាមប្រើពាក្យបច្ចេកទេសច្បាប់អន្តរជាតិមកភូតភរដើម្បីដោះខ្លួន ប៉ុន្តែស្នាមគ្រា. ប់កាំភ្លើងធំរបស់ថៃដែលបន្សល់ទុកនៅលើជញ្ជាំងប្រាសាទបុរាណ គឺជាភស្តុតាងមិនអាចប្រកែកបាននៃ “ឧក្រិដ្ឋកម្មវប្បធម៌” ដែលថៃបានប្រព្រឹត្ត។

កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការ UNESCO មេត្តាពិនិត្យមើលឱ្យឃើញពីពុតត្បុត និងការភូតភររបស់ភាគីថៃ។ ដែនអធិបតេយ្យ និងបេតិកភណ្ឌរបស់កម្ពុជា ត្រូវតែបានការពារ ហើយកម្ពុជានឹងមិនអនុញ្ញាត​ឱ្យប្រទេសជិតខាងណា មកបំផ្លិចបំផ្លាញហើយប្រើសម្តីលាបពណ៌ដោះដៃតាមចិត្តនឹកឃើញនោះឡើយ៕

https://troryorng.com/
Share.