ភ្នំពេញ៖ នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន (CMS)» ជូនមន្ត្រីនគរបាលជាតិចំនួន ៣០រូប មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលឱ្យមានជំនាញក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធ CMS ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការបញ្ចូល ស្វែងរក រក្សាទុក និងវិភាគទិន្នន័យពាក់ព័ន្ធនឹងបទល្មើស ដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត និងបង្ក្រាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈវគ្គសិក្សានេះ សិក្ខាកាមនឹងក្លាយជាជនបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធទិន្នន័យឧក្រិដ្ឋជននៅតាមអង្គភាពរៀងៗខ្លួន រួមចំណែកពង្រឹងការគ្រប់គ្រងព័ត៌មាន បង្កើនល្បឿនការងារ និងភាពត្រឹមត្រូវក្នុងប្រតិបត្តិការរបស់កងកម្លាំងនគរបាល។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការធ្វើទំនើបកម្មការងារសន្តិសុខ និងជំរុញបរិវត្តកម្មឌីជីថលក្នុងកងកម្លាំងនគរបាលជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

Share.