កម្លាំងជំនាញផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងនិងស្រុកទាំងប្រាំ បាននិងកំពុងបន្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងសកម្ម រៀងរាល់ម៉ោងធ្វើការ។ សកម្មភាពបម្រើសេវាសាធារណៈនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងនេះ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងពីរភេទ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ឱ្យមកពិនិត្យមើលឯកសារផ្ទាល់ខ្លួន។ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមទាំងបងប្អូនដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬជិតនឹងផុតសុពលភាពក្នុងរយៈពេល ១៨០ ថ្ងៃ ឬ ៦ ខែខាងមុខ អាចអញ្ជើញមកទទួលសេវាសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណបានចាប់ពីពេលនេះតទៅ។

ចំពោះទីតាំងនៃការផ្តល់សេវា បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅកាន់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យផ្ទាល់ ឬទៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុងនិងស្រុកទាំងប្រាំ ដែលស្ថិតនៅជិតមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការទទួលបានឯកសារគតិយុត្តផ្លូវការ យកទៅប្រើប្រាស់ក្នុងកិច្ចការងារចាំបាច់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃបានទាន់ពេលវេលា៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរ

https://troryorng.com/
Share.