ភ្នំពេញ៖ កាលពីកាលពីថ្ងៃទី១៣ កក្កដា ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានរៀមចំកម្មវិធីជួបជុំ និងអបអរសាទរដល់អតីតនិស្សិតអូស្ត្រាលី ក្នុងគោលបំណងទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា គិតមកទល់ពេលនេះ មានប្រជាជនកម្ពុជាជាង ៣៥,០០០ នាក់ ហើយ ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី។ ក្រោយបញ្ចប់ការសិក្សា អតីតនិស្សិតភាគច្រើនបានវិលត្រឡប់មកមាតុភូមិវិញ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំ និងជាអ្នកបង្កើតការផ្លាស់ប្តូរដ៏សំខាន់ៗ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យធុរកិច្ច វិទ្យាស្ថានស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យអប់រំ។

ពិធីជួបជុំអតីតនិស្សិតអូស្ត្រាលីនេះ មិនត្រឹមតែជាការបង្ហាញពីឧត្តមភាពនៃការអប់រំរបស់ប្រទេសអូស្ត្រាលី និងឱកាសដ៏ធំធេងដែលទទួលបានពីការសិក្សានៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលសម្រាប់អតីតនិស្សិតទាំងអស់ក្នុងការ ពង្រឹងបណ្តាញទំនាក់ទំនងផ្ទៃក្នុង និងបង្កើតកិច្ចសហការថ្មីៗ។ ពិសេសទៀតនោះរំលឹកពីបទពិសោធន៍សិក្សា ដែលបានជួយកសាង និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពការងារ។

កម្មវិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងជោគជ័យ ដោយមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតនិស្សិតកម្ពុជាទាំងអស់ ដែលតែងតែនាំមកនូវមោទនភាព និងសមិទ្ធផលដ៏អស្ចារ្យជូនជាតិមាតុភូមិ៕


