រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ នៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនជ័យលាភីនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង GEIP/GEIP-AF និងមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងគោលដៅអភិវឌ្ឍិសមត្ថភាពរបស់លោក លោកស្រី ជាគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ជាជ័យលាភី ចំនួន ៦២៥នាក់ នាពេលនេះ។
ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រដល់ការអនុវត្តកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ព្រមទាំងជួយឱ្យប្រព័ន្ធអប់រំមានគុណភាព និងប្រសិទ្ធភាពកាន់តែប្រសើរឡើង។ សមិទ្ធផលនាពេលនេះ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

បរិវត្តកម្មអប់រំនៅកម្ពុជា ដោយត្រូវចាប់ផ្តើមតាំងពីការពង្រឹងការអប់រំកុមារតូច និងសារៈសំខាន់នៃ ១០០០ ថ្ងៃដំបូងរបស់កុមារ ព្រមទាំងបានរំលេចពីសមិទ្ធផលនៃកំណែទម្រង់វិស័យអប់រំក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយចាប់ផ្តើមពីកាងរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមទស្សនទាន «អ្នកចេះគឺជាប់» ការពង្រីកវិសាលភាពនៃ សាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី ដែលមានលក្ខណៈ ទំនើបផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល និងគុណភាព ការរៀបចំគោលនយោបាយគ្រូបង្រៀនឱ្យកាន់តែមានភាពទាក់ទាញ តាមរយៈការដំឡើងប្រាក់បៀវត្ស ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀនជាដើម ព្រមទាំងជំរុញការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានរបស់សិស្សឱ្យបានរឹងមាំ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងអបអរសាទរដល់ ជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP, GEIP-AF) ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការគ្រប់គ្រងសាលារៀន ខ្ញុំជឿជាក់ថា ជ័យលាភីទាំងអស់ នឹងនាំយកនូវចំណេះដឹងពាក់ព័ន្ធនឹងវិទ្យាសាស្ត្រគ្រប់គ្រង វិធីសាស្ត្របង្រៀនថ្មីៗ និងបទពិសោធដ៏មានតម្លៃងនានាដែលទទួលបានពីកម្មវិធីនេះ ទៅអនុវត្តផ្ទាល់នៅតាមសាលារៀនរៀងៗខ្លួនវិញ ប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយសាលារៀនឱ្យទៅជាសាលារៀនគំរូ ព្រមទាំងជួយលើកកម្ពស់គុណភាពអប់រំ និងលទ្ធផលសិក្សារបស់សិស្សានុសិស្សនៅកម្រិតមូលដ្ឋានឱ្យកាន់តែរឹងមាំថែមទៀត៕



