រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបានសំឡេងគាំទ្រ ១០៨ លើ ១១០សំឡេង ក្នុងសម័យប្រជុំពេញអង្គសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល។ ការតែងតាំងបន្ថែមនេះ បានធ្វើឱ្យសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ កើនឡើងដល់ ៥៨រូប ក្នុងនោះមានទេសរដ្ឋមន្ត្រីចំនួន ២៤រូប។

នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៧ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សំអឿន ត្រូវបានរដ្ឋសភាកម្ពុជាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា «ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស» ក្នុងសំឡេងគាំទ្រ ១០៨សំឡេង ក្នុងចំណោមសមាជិករដ្ឋសភាដែលមានវត្តមានសរុប ១១០រូប (អនុប្បវាទ ២សំឡេង)។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រចាំការនៅវិមានរដ្ឋសភា បានស្រង់ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនទៅកាន់អង្គរដ្ឋសភាថា សំណើបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ធ្វើឡើងដោយសារភាពចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារពង្រឹងគុណតម្លៃភាពជាដៃគូ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសម្រុះសម្រួលការងារជាមួយអង្គការសង្គមស៊ីវិលនៅកម្ពុជា។ តាមរយៈការតែងតាំងបំពេញបន្ថែមនេះ ចំនួនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានកើនឡើងដល់ ២៤រូប។
សូមរំឭកថា កាលពីដើមអាណត្តិទី៧ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សមាសភាពរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឧបនាយករដ្ឋមន្ត្រី ១០រូប, ទេសរដ្ឋមន្ត្រី ២១រូប និងរដ្ឋមន្ត្រី ៣០រូប។ លុះមកដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាក៏បានបោះឆ្នោតគាំទ្រសំណើតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលចំនួន ៣រូប ក្នុងនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី បន្ថែមលើមុខងារជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ រួមជាមួយទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ២រូបទៀត គឺឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល។
ដូច្នេះ គិតត្រឹមពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៦ នេះ សមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានសមាជិកសរុបចំនួន ៥៨រូប ក្នុងនោះរួមមាន ឧបនាយករដ្ឋមន្ត្រី៖ ១០រូប ក្នុងនោះរដ្ឋមន្ត្រីដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី មានចំនួន ៨រូប ទេសរដ្ឋមន្ត្រី ២៤រូប រដ្ឋមន្ត្រី ៣០រូប៕


