ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នឹងទទួលបានផ្លូវបេតុងថ្មីប្រវែង ៩២០ម៉ែត្រ និងលូទោលកាត់ផ្លូវ ១កន្លែង តាមរយៈគម្រោងមូលនិធិឃុំ/សង្កាត់ បន្ទាប់ពីបញ្ចប់ការដេញថ្លៃកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃ លោក សឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានសម្តែងការព្រួយបារម្ភចំពោះគុណភាពផ្លូវមូលនិធិឃុំ/សង្កាត់មួយចំនួនក្នុងខេត្ត ដោយបញ្ជាក់ថា មានផ្លូវបេតុងខ្លះរងការខូចខាត និងត្រូវគាស់ចេញក្រោយសាងសង់ ដោយសារគុណភាពមិនបានតាមស្តង់ដារ។

លោកបានអំពាវនាវឱ្យក្រុមហ៊ុនសាងសង់ កុំដេញថ្លៃទាបហួសហេតុ ដែលអាចប៉ះពាល់ដល់គុណភាពសំណង់ និងត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាអាយុកាល និងសុវត្ថិភាពនៃផ្លូវ។

ជាមួយគ្នានេះ លោក ឆេង សុផល មេឃុំពាមជីលាំង បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន៦ បានចូលរួមដេញថ្លៃ ហើយក្រុមហ៊ុន ស្រឿន វាសនា ជាអ្នកទទួលបានសិទ្ធិសាងសង់ផ្លូវបេតុងអាមេប្រវែង ៩២០ម៉ែត្រ និងលូទោល ១កន្លែង។ ក្រុមហ៊ុននឹងចុះកិច្ចសន្យានៅចុងខែកក្កដានេះ ដើម្បីចាប់ផ្តើមសាងសង់ឱ្យបានឆាប់ មុនរដូវវស្សាខ្លាំង។

អត្ថបទ៖ អាចារ្យលាក់

Share.