របាយការណ៍របស់សារព័ត៌មានថៃបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យឆាបឆេះក្លឹប «Rong Beer Na Lat Phrao» នៅក្នុងទីក្រុងបាងកក កំពុងតែបានលាតត្រដាងយ៉ាងច្បាស់ៗនូវចំណុចខ្សោយ និងភាពធូរលុង របស់អាជ្ញាធរ និងប៉ូលិសប្រទេសថៃ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មកម្សាន្តពេលរាត្រី បន្ទាប់ពីការស៊ើបអង្កេតក្រោយកើតហេតុ ទើបតែរកឃើញថា ទីតាំងនេះបានលួចលាក់បើកអាជីវកម្មខុសច្បាប់ទាំងស្រុង។

សោកនាដកម្ម និងភាពអសកម្មនេះ បានក្លាយជាប្រធានបទក្តៅដែលមហាជនថៃបានរិះគន់ចំៗទៅលើប្រសិទ្ធភាពការងារ និងការបណ្តែតបណ្តោយរបស់អាជ្ញាធរថៃ ដែលទាល់តែមានរឿងក្តៅក្រហាយ ឬ ភ្លើងឆេះទើបផ្អើលឆោឡោស្វែងរកឃើញកំហុស។
យ៉ាងណាមិញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក Autthasit Samphantarat លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ បានចេញមកបើកកកាយលទ្ធផលនៃការស៊ើបអង្កេតលើករណីអគ្គិភ័យឆេះក្លឹប «Rong Beer Na Lat Phrao» ថា ហាងមួយនេះបានសុំច្បាប់ចុះបញ្ជីត្រឹមតែជាហាងលក់អាហារប៉ុណ្ណោះ។ ប៉ុន្តែ ធាតុពិតជាក់ស្តែងដែលប៉ូលិសទើបតែដឹងក្រោយភ្លើងឆេះ គឺហាងនេះបានដំណើរការ និងតុបតែងជាក្លឹបកម្សាន្តពេលរាត្រីយ៉ាងពេញទំហឹង ដែលមានទាំងការលេងតន្ត្រី លក់គ្រឿងស្រវឹង និងចាក់ភ្លេងរាំលេងកម្សាន្ត ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាត និងជាអំពើខុសច្បាប់ទាំងស្រុង។

ហេតុការណ៍នេះបង្ហាញឱ្យឃើញថា អាជ្ញាធរ និងប៉ូលិសថៃ មិនមានប្រព័ន្ធត្រួតពិនិត្យ និងតាមដានអាជីវកម្មប្រកបដោយប្រសិទ្ធភាពនោះឡើយ ដោយបណ្តោយឱ្យអាជីវកម្មមួយនេះបើកដំណើរការខុសច្បាប់យ៉ាងរលូន រហូតទាល់តែមានគ្រោះថ្នាក់ទើបភ្ញាក់ខ្លួន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃដដែលនេះបានឱ្យដឹងថា អគ្គិភ័យដ៏សាហាវនេះបានកើតឡើងនៅចន្លោះយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកក្កដា ដោយបានបន្សល់ទុកនូវទិដ្ឋភាពខាងក្នុងក្លឹបខ្ទេចខ្ទីគ្មានសល់ និងបានបង្កជាសោកនាដកម្មយ៉ាងរន្ធត់ ដោយគិតមកទល់ពេលនេះ តួលេខចុងក្រោយនៃអ្នករងគ្រោះបានកើនឡើងដល់៖ អ្នកស្លាប់មាន ៣២ នាក់ និងអ្នករបួសមាន៧៣ នាក់។
តាមរយៈការពិនិត្យប្លង់ទីតាំងក្លឹប និងការចុះស៊ើបអង្កេតរបស់ក្រុមការងារជំនាញ បានរកឃើញចំណុចធ្វេសប្រហែស និងភាពទន់ខ្សោយផ្នែកប្រព័ន្ធសុវត្ថិភាពបង្ការអគ្គិភ័យដ៏ធ្ងន់ធ្ងរ ដែលជាមូលហេតុចម្បងធ្វើឱ្យជនរងគ្រោះមិនអាចរត់គេចខ្លួនទាន់ពេល។ នោះគឺច្រកចេញត្រូវបានបិទបាំង ដោយច្រកចេញធម្មតាត្រូវបានគេយកតូបលក់គ្រឿងផ្អែមទៅដាក់បាំងពីមុខ បង្កជាឧបសគ្គក្នុងការរត់គេចខ្លួន។

ចំណែកឯច្រកអាសន្នវិញបានបង្កឱ្យមានការភាន់ច្រឡំ ដោយបែរជាមានបិទស្លាកព្រមានថា «ហាមចូល អនុញ្ញាតសម្រាប់តែបុគ្គលិកប៉ុណ្ណោះ» ជាហេតុធ្វើឱ្យភ្ញៀវទេសចរ និងអ្នកមកកម្សាន្តមានការច្របូកច្របល់ មិនហ៊ានរុញទ្វាររត់ចេញក្នុងអំឡុងពេលកើតហេតុការណ៍ជ្រួលច្របល់នោះឡើយ។
នៅពេលដែលសារព័ត៌មានថៃចោទសួរអំពីភាពចន្លោះប្រហោងនៃច្បាប់ ដែលអាជីវករឆ្លៀតឱកាសលួចបន្លំបើកក្លឹបកម្សាន្តក្រោមស្លាកហាងអាហារ និងថាតើត្រូវមានការកែទម្រង់ច្បាប់ឱ្យតឹងរ៉ឹងជាងនេះដែរឬទេ? តំណាងក្រសួងមហាផ្ទៃថៃបែរជាឆ្លើយតបបែបការពារខ្លួនថា ចន្លោះប្រហោងច្បាប់គឺជារឿងដែលអាជីវករព្យាយាមស្វែងរកដើម្បីគេចវេះ ហើយបានបង្វែរទំនួលខុសត្រូវទៅឱ្យប្រជាពលរដ្ឋវិញ ដោយអំពាវនាវថា៖ ប្រសិនបើប្រជាពលរដ្ឋឃើញមានអាជីវកម្មណាខុសច្បាប់ សូមរាយការណ៍មកក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រីចុះចាត់ការទៅវិញ។

ការឆ្លើយតបបែបធូរលុងនេះ លោកអភិបាលទីក្រុងបាងកក និងប៉ូលិសល្បាតក្រុង ទើបតែប្រកាសនៅថ្ងៃថា នឹងចាប់ផ្តើមរឹតបន្តឹង និងចុះត្រួតពិនិត្យរាល់ហាងអាហារទាំងឡាយណាដែលមានលក្ខណៈបង្កប់ជាក្លឹបកម្សាន្តឱ្យកាន់តែខ្លាំងជាងមុន។
ក្នុងនោះមតិមហាជនថៃ ជាពិសេសក្រុមគ្រួសារសពបានចាត់ទុកថា ប្រសិនបើអាជ្ញាធរ និងប៉ូលិសថៃនៅតែមានទម្លាប់ការងារទាល់តែមានរឿងដូចជាភ្លើងឆេះស្លាប់មនុស្សរាប់សិបនាក់បែបនេះ ទើបចុះធ្វើការស៊ើបអង្កេតរកខុសត្រូវនោះ សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នឹងនៅតែស្ថិតក្នុងហានិភ័យខ្ពស់ដដែល៕

