នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីមាតុភូមិ ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធីកម្រិតពិភពលោកស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត «2026 World AI Conference and High-Level Meeting on Global AI Governance» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចការងារ និងការចូលរួមក្នុងវេទិកាជាន់ខ្ពស់នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតធម្មតានោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រស៊ីជម្រៅរបស់កម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ លើវិស័យបច្ចេកវិទ្យាលំដាប់សកល។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាកាតាលីករ ដ៏សំខាន់មួយ ក្នុងការជំរុញ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ឱ្យដើរលឿនជាងមុន។

នៅក្នុងពិភពលោកមួយដែល AI កំពុងក្លាយជាកម្លាំងចលករនៃសេដ្ឋកិច្ច ការដែលកម្ពុជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជជែកវែកញែកពី «អភិបាលកិច្ច AI» នៅលើឆាកអន្តរជាតិ បង្ហាញថា កម្ពុជាមិនត្រឹមតែជា «អ្នកប្រើប្រាស់» បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងព្យាយាមចូលរួមចំណែកជា «អ្នករៀបចំទិសដៅ» នៃអនាគតឌីជីថលផងដែរ៕

https://troryorng.com/
Share.