ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រោមការដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន បានសហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងរកឃើញករណីបំពុលបរិស្ថាននៅក្រុមហ៊ុន ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក (FANG XING GARMENT CO., LTD.) ដែលមានទីតាំងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។



តាមលទ្ធផលត្រួតពិនិត្យ បានបង្ហាញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ដោយមិនមានការបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងឡើយ។ ការវាស់វែងគុណភាពខ្យល់ពីបំពង់ផ្សែងបានបង្ហាញថា មានកម្រិតលើសស្តង់ដារគុណភាពខ្យល់សាធារណៈដែលបានកំណត់។
បន្ថែមពីនេះ ក្រុមហ៊ុនមិនទាន់មានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធតាមច្បាប់នៅឡើយទេ។
ជាមួយនឹងការរកឃើញនេះ ក្រសួងបរិស្ថានបានចាត់វិធានការដោយតម្រូវឱ្យក្រុមហ៊ុន៖
- បញ្ឈប់ជាបន្ទាន់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ
- បំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវ
- បញ្ចេញផ្សែងអនុលោមតាមស្តង់ដារគុណភាពខ្យល់
- រៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងពិនិត្យ
- ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ
ក្រៅពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ១៦១ មាត្រា ១៧៣ និងមាត្រា ៦៦៨ ព្រមទាំងអនុក្រឹត្យលេខ៤២ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់។ ក៏ដូចជាត្រូវផ្ដល់សំណងចំពោះផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងពីមន្រ្តីជំនាញផងដែរ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា នឹងបន្តត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីធានាការការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ចតុម្មុខ

