ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់លើសិប្បកម្មផលិតជីសរីរាង្គ “ជុង ហេង” បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ បង្កបញ្ហាក្លិនស្អុយ និងប៉ះពាល់ដល់បរិស្ថាននៅតំបន់ជុំវិញ។

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌកំបូល មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលសង្កាត់បឹងធំ បានចុះត្រួតពិនិត្យនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ និងរកឃើញថា សិប្បកម្មខាងលើ ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានកែច្នៃសំណល់ស្វាយធ្វើជាជីសរីរាង្គ ប៉ុន្តែការគ្រប់គ្រងមិនអនុលោមតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។

លទ្ធផលត្រួតពិនិត្យបង្ហាញថា មានក្លិនស្អុយខ្លាំង និងមានសំណល់រាវហូរចូលប្រឡាយទឹកសាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅជុំវិញតំបន់។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបរិស្ថានបានចាត់វិធានការដូចខាងក្រោម៖

  • ផ្អាកការនាំចូលសំណល់ស្វាយជាបណ្តោះអាសន្ន រហូតមានការអនុញ្ញាតជាថ្មី
  • បញ្ជាឱ្យសិប្បកម្មប្រមូល និងសម្អាតសំណល់ទាំងអស់ដែលបានចាក់នៅក្រៅទីតាំង
  • ត្រូវអនុវត្តការសម្អាតឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃចុះត្រួតពិនិត្យ

អាជ្ញាធរក៏បានបញ្ជាក់ថា សិប្បកម្មនេះនឹងត្រូវទទួលពិន័យអន្តរការណ៍ និងតម្រូវឱ្យគោរពច្បាប់ និងបទដ្ឋានបរិស្ថានជាធរមានយ៉ាងតឹងរឹង។

ក្រសួងបរិស្ថានបន្តអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ ឱ្យគោរពច្បាប់ និងអនុវត្តវិធានការការពារបរិស្ថាន ដើម្បីរក្សាសុខភាពសាធារណៈ និងបរិស្ថានឱ្យបានប្រសើរឡើង៕

អត្ថបទ៖ ចតុម្មុខ

Share.