ឈុនបុរី៖ ស្របពេលដែលរដ្ឋាភិបាលថៃកំពុងព្យាយាមលាងខ្លួន និងជំរុញសេដ្ឋកិច្ចតាមរយៈ «នយោបាយកញ្ឆាសេរី» ភាពជាក់ស្តែងនៅលើដីបានបង្ហាញឱ្យឃើញនូវរូបភាពផ្ទុយស្រឡះ និងគួរឱ្យបារម្ភ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ កក្កដា នេះ ប្រតិបត្តិការបង្ក្រាបសម្បុកគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីល្បាញចមធៀន (Jomtien) ស្រុកបាងឡាមុង បានលាតត្រដាងពីវិបត្តិគ្រឿងញៀនដ៏រ៉ាំរ៉ៃ ដែលកំពុងតែរុករានរាងកាយសង្គមថៃកាន់តែខ្លាំងឡើងៗ។

យុទ្ធនាការនេះបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យជាអ្នកជួញដូរ ២នាក់ និងឃាត់ខ្លួនមនុស្សរហូតដល់ ៨១នាក់ផ្សេងទៀត ដែលសុទ្ធតែមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងប្លុកផ្លូវលំ ស៊យចមធៀន ២ និងស៊យចមធៀន ៣ ស្ថិតក្នុងឃុំណងព្រឿ ស្រុកបាងឡាមុង ខេត្តឈុនបុរី បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទ្រាំលែងបាននឹងសកម្មភាពជួញដូរយ៉ាងអនាធិបតេយ្យ។

អ្នករិះគន់ជាច្រើនបានលើកឡើងថា ការបើកចំហរទូលាយហួសហេតុពេកលើការប្រើប្រាស់កញ្ឆា បានបង្កើតជាវប្បធម៌ស៊ាំនឹងគ្រឿងញៀននៅក្នុងសង្គមថៃ។ នៅពេលដែលព្រំដែនរវាងអ្វីដែលច្បាប់ហាមឃាត់ និងអ្វីដែលអនុញ្ញាតចាប់ផ្តើមស្រពេចស្រពិល វាកាន់តែងាយស្រួលសម្រាប់យុវជន និងអ្នកប្រើប្រាស់ក្នុងការឈានជើងចូលទៅរកគ្រឿងញៀនប្រភេទធ្ងន់ៗ ដូចជាម៉ាទឹកកក និងថ្នាំយ៉ាបា។

យោងតាមសមត្ថកិច្ចថៃ ទីតាំងខាងលើមានមនុស្សជិះម៉ូតូ និងឡានចេញចូលទិញដូរគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងពេញមួយថ្ងៃៗ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។

នៅពេលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធច្រកចេញចូល សង្រ្គាមគ្រឿងញៀនខ្នាតតូចបានផ្ទុះឡើងជនសង្ស័យជាច្រើនបានភ័យស្លន់ស្លោ និងប្រើប្រាស់ភាពស្ទាត់ជំនាញភូមិសាស្ត្ររត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនឈ្មោះ Waranyu Wongsaeng អាយុ ២១ឆ្នាំ រួមជាមួយថ្នាំយ៉ាបា (Methamphetamine) ៦៦គ្រាប់ និងម៉ាទឹកកក ៣.៥ក្រាមនៅក្នុងខ្លួន ព្រមទាំង ៤២គ្រាប់ទៀតដែលគេបោះចោលក្នុងបន្ទប់។ សមត្ថកិច្ចបានបន្តការល្បួងទិញរហូតឈានទៅចាប់ខ្លួនមេខ្លោងម្នាក់ទៀតឈ្មោះ Ailada Buntham អាយុ ៣៥ឆ្នាំ នៅក្នុងប្លុកស៊យខៅណយ ជាមួយម៉ាទឹកកក ៥.២៨ក្រាម។

អ្វីដែលកាន់តែហួសចិត្តគឺ អំឡុងពេលដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធឆែកឆេរ ក៏មានម៉ូយៗជាច្រើននាក់ផ្សេងទៀតបានជិះម៉ូតូ និងឡានចូលមកទិញគ្រឿងញៀនជាបន្តបន្ទាប់ដោយមិនដឹងខ្លួន ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការទិញលក់គ្រឿងញៀននៅតំបន់នេះគឺសាមញ្ញដូចការទិញបន្លែបង្ការទៅហើយ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៨១នាក់ (បុរស ៥៧នាក់ និងស្ត្រី ២៤នាក់) ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។

អ្នកវិភាគសង្គមបានវាយតម្លៃថា ការចាប់ខ្លួនមនុស្ស ៨១នាក់ក្នុងពេលតែមួយនេះ គ្រាន់តែជាផ្នែកតូចនៃវិបត្តិគ្រឿងញៀននៅប្រទេសថៃតែប៉ុណ្ណោះ។ នយោបាយជំរុញកញ្ឆាសេរីដែលធ្លាប់តែត្រូវបានឃោសនាថាជានិមិត្តរូបនៃសេរីភាពសេដ្ឋកិច្ច និងទេសចរណ៍ ពេលនេះកំពុងដើរតួជា «ថ្នាំពុល» បំផ្លាញសន្តិសុខសង្គម និងធនធានមនុស្សរបស់ប្រទេសខ្លួនឯងទៅវិញ។

នៅពេលដែលសង្គមមួយចាប់ផ្តើមធូររលុងជាមួយសារធាតុញៀនមួយប្រភេទ វានឹងធ្វើឱ្យការគ្រប់គ្រងគ្រឿងញៀនប្រភេទផ្សេងទៀតដូចជា យ៉ាបា និងម៉ាទឹកកក កាន់តែបាត់បង់ការគ្រប់គ្រង ដូចជាករណីដ៏អនាធិបតេយ្យនៅតំបន់ទេសចរណ៍ចមធៀននាពេលនេះអញ្ចឹងដែរ៕

ប្រភព៖ The Thaiger

Share.