បន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ជាជនជាតិឥណ្ឌូណេស៊ី ចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ឈ្មោះ Willy ភេទប្រុស អាយុ ២១ឆ្នាំ ឈ្មោះ Desi Aritonang ភេទស្រី អាយុ ២០ឆ្នាំ (ទាំងពីរជាជនជាតិឥណ្ឌូណេស៊ី)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ រថយន្តចំនួន ១គ្រឿង ក្បាល POD K វេចខ្ចប់រួចចំនួន ១៧ ថង់ វេប (Vape) មួយចំនួន សារធាតុញៀនប្រភេទថ្នាំសប្បាយចំនួន ៣ កញ្ចប់ ទឹកថ្នាំចំនួន ៤ ដប ក្បាលបារីចំនួន ២ ប្រអប់ ឧបករណ៍សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្ដាល

Share.