ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។

ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម មាស សុភ័ណ្ឌ បានលើកឡើងថា ទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល។

ក្នុងអំឡុងទស្សនកិច្ចនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) នៅទីក្រុងសៀងហៃ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។

ក្រៅពីនេះ សម្ដេចធិបតី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ។

គណៈប្រតិភូអមដំណើរ រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូប មន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

តាមការគ្រោងទុក សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៕

Share.