ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ឈ្មោះ វ៉ាន់ កុសល អតីតឧត្តមសេនីយ៍ទោ (ផ្កាយ២) និងជាអតីតអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងបក្ខពួក៤នាក់ ទៅថ្ងៃក្រោយវិញ បន្ទាប់ពីមេធាវីការពារក្តីបានស្នើសុំលើកពេល។






សវនាការនេះ គ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ដែលបានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស វ៉ាន់ កុសល ដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) និងបទសម្អាតប្រាក់។
ដោយឡែក ជនជាប់ចោទ៤នាក់ទៀត រួមមាន ជួន លឹមហេង, អុន សំអូន, នេត សុខុម និង ឈាវ ស៊ីដេត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេល ១៥ឆ្នាំ ពីបទចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ចំនួន៣ករណី ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ ចតុម្មុខ

