ភ្នំពេញ៖ ឆ្នាំ២០២៦ ត្រូវបានកំណត់ថាជា «ឆ្នាំមាស» នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដោយបានឆ្លុះបញ្ចាំងតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរ ដែលនឹងរុញច្រានឋានៈការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោ។

តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការឡើងថ្លែងសុន្ទរកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជាតំណាងរាជរដ្ឋាភិបាល​កម្ពុជា នាឱកាសអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ មិនមែនគ្រាន់តែជាការចូលរួមតាមពិធីការធម្មតានោះទេ ប៉ុន្តែវាជាការបញ្ជូនសារនយោបាយការទូតដ៏មានទម្ងន់មួយទៅកាន់សហគមន៍អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងប្រកាសជាផ្លូវការអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មកកាន់កម្ពុជា ដែលនោះស្ដែងពីជំហានគន្លឹះដ៏សំខាន់មួយ។ ក្នុងន័យការទូត ដំណើរទស្សនកិច្ចកម្រិតប្រមុខរដ្ឋពីមហាអំណាចអឺរ៉ុប និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN មកកាន់ប្រទេសក្នុងតំបន់អាស៊ានដូចជាកម្ពុជា គឺជានិមិត្តរូបនៃការផ្តល់តម្លៃ និងការទទួលស្គាល់តួនាទីស្នូលរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបានឆ្លុះបង្ហាញថា ទំនាក់ទំនងទ្វេភាគីបានឈានហួសពីកិច្ចសហប្រតិបត្តិការវប្បធម៌ ឬប្រវត្តិសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដែលបារាំងចាត់ទុកកម្ពុជាជាស្ពានចម្លងដ៏សំខាន់មួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់កម្ពុជា ក្នុងការពង្រីកមុខមាត់លើឆាកអន្តរជាតិ ក៏ដូចជាឱកាសប្រមូលផ្តុំរដ្ឋសមាជិក និងអ្នកសង្កេតការណ៍រហូតដល់ ៩០ ប្រទេស ដែលធ្វើឱ្យកម្ពុជាក្លាយជាផ្ចិតនៃការទូតសកលមួយក្នុងឆ្នាំ២០២៦។

សូមជម្រាបថា ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានជួយឱ្យកម្ពុជាអាចធ្វើពិពិធកម្មការទូត មិនឱ្យពឹងផ្អែកខ្លាំងលើប្លុកមហាអំណាចណាមួយឡើយ ដោយឈរលើគុណតម្លៃរួម ដូចជាសាមគ្គីភាព ភាពចម្រុះនៃវប្បធម៌ និងការបើកឱ្យទូលាយ។

សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតកម្ពុជា នៅក្នុងដំបូលនៃនិវេសនដ្ឋានឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងប្រើប្រាស់ Soft Power តាមរយៈភាសា វប្បធម៌ និងប្រវត្តិសាស្ត្រ មកបំប្លែងទៅជាកាតាលីករ ជម្រុញផលប្រយោជន៍នយោបាយ ដែនដី និងសេដ្ឋកិច្ច។

ដូច្នោះហើយឆ្នាំ២០២៦នេះ នឹងក្លាយជាសក្ខីភាពនៃការផ្លាស់ប្តូរទម្រង់ការទូតកម្ពុជា ពីប្រទេសដែលធ្លាប់តែទទួលរងឥទ្ធិពលពីខាងក្រៅ មកជាតួអង្គនាំមុខក្នុងការរៀបចំរបៀបវារៈអន្តរជាតិ និងជាដៃគូមិនអាចខ្វះបានរបស់សាធារណរដ្ឋបារាំងនៅតំបន់អាស៊ីអាគ្នេយ៍៕

Share.