តាកែវ៖ កម្លាំងសមត្ថកិច្ចស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាដើរធ្វើសកម្មភាពគាស់ចេតិយតាមវត្តអារាម ដើម្បីលួចសម្ភារ លុយកាក់ និងកោដិមានតម្លៃ នៅក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត។




ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការតាមដាន និងស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលរងគ្រោះ។
ជនសង្ស័យទាំង ៣នាក់រួមមាន៖ អៀង ថា ហៅប្រុស អាយុ ៥៣ឆ្នាំ រឿង វ៉ា អាយុ ២៩ឆ្នាំ និង ញ៉ាញ់ ជំនុន អាយុ ២៦ឆ្នាំ រស់នៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកមានករណីចេតិយនៅតាមវត្តអារាមត្រូវបានគាស់បំបែក និងលួចយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ ដូចជា កោដិធាតុ និងលុយកាក់សំណែន ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកភូមិ និងក្រុមគ្រួសារដែលមានសាច់ញាតិក្នុងចេតិយ។
ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹង សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងតឹងរឹង រហូតអាចកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យទាំង ៣នាក់បានដោយជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

