ស្វាយរៀង៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់មួយកន្លែង នៅជាប់ព្រំដែនកម្ពុជា–វៀតណាម ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដោយរឹបអូសបានបារីចំនួន ៦០០ ប៊ិច កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។



ប្រតិបត្តិការនេះ អនុវត្តតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយកម្លាំងគយចល័តនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងចម្រុះ រួមមានកម្លាំងយោធាការពារព្រំដែន កងរាជអាវុធហត្ថ និងការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិបាវិត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
តាមការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញបារីគេចពន្ធ ដែលមិនមានបិទត្រាពន្ធគយ សរុប ៦០០ ប៊ិច ស្មើនឹង ៣៦,០០០ សុង ដែលរួមមាន៖ បារីម៉ាក JPS (Taiwan) ចំនួន ៣១២ កេស (១៨,៧២០ សុង) បារីម៉ាក B&H (UK) ចំនួន ១៨៦ កេស (១១,១៦០ សុង) និងបារីម៉ាក Winfield Original Classic (Indonesia) ចំនួន ១០២ កេស (៦,១២០ សុង)។
បន្ទាប់ពីបង្ក្រាបបាន បារីអត់ពន្ធទាំងអស់ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ន នៅឃ្លាំងការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

