ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចារប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការប្រកួតពានរង្វាន់បាល់ទះ SEA V Cup លើកទី៦ ឆ្នាំ២០២៦ ជើងទី១ ដោយដណ្ដើមបានជើងឯក ក្រោយយកឈ្នះលើក្រុមខ្លាំងឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទឹកដីប្រទេសហ្វីលីពីន។

ក្នុងដំណើរទៅចូលរួមប្រកួតពានរង្វាន់បាល់ទះ SEA V Cup លើកទី៦ ឆ្នាំ២០២៦ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន និងក្រុមខ្លាំងឥណ្ឌូណេស៊ី។ ឆ្លងកាត់ការប្រកួតក្នុងពូល កម្ពុជា ពិតជាធ្វើបានល្អដោយយកឈ្នះ ម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់និង២ តែត្រូវបរាជ័យក្រោមថ្វីដៃ ឥណ្ឌូណេស៊ី ៣សិតទល់និង០ ។
យ៉ាងណាសម្រាប់លទ្ធផលនេះធ្វើអោយកម្ពុជា ឈរនៅលេខ២ ក្នុងពូល ឡើងវគ្គ ៤ក្រុម ជួបថៃ និងបានយកឈ្នះក្នុងលទ្ធផល ៣សិតទល់និង១ កក់កៅអីវគ្គផ្ដាច់ព័ត្រ។ ក្នុងការប្រកួតដ៍តាន់តឹងជាមួយឥណ្ឌូណេស៊ី និងធ្លាប់បរាជ័យម្ដងរួមទៅហើយនៅក្នុងពូល បានធ្វើអោយកម្ពុជា រកឃើញចំណុខ្សោយរបស់គូប្រកួត យកជ័យជម្នះបានដ៏អស្ចារ្យ ក្នុងលទ្ធផល ៣សិតទល់និង២ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទះ SEA V Cup លើកទី៦ ឆ្នាំ២០២៦ ជើងទី១នេះ។
ជ័យជម្នះជាប្រវត្តិសាស្រ្តលើកនេះ បានធ្វើអោយក្រុមបាល់ទះកម្ពុជា បានចារឈ្មោះជាប្រទេសទី៣ ក្នុងពានរង្វាន់បាល់ទះជើងឯកតំបន់អាស៊ាន SEA V Cup បន្ទាប់ពីឥណ្ឌូណេស៊ី និងថៃ។

ម្ចាស់ជើងឯកពានរង្វាន់ឯកត្តជន SEA V Cup ឆ្នាំ២០២៦ ជើងទី១ រួមមាន៖
- Most valuable player បានទៅលើ វឿន វាសនា របស់កម្ពុជា
- Best setter បានទៅលើ សួរ ចាន់ណារ៉ូ របស់កម្ពុជា
- Best outside spikers បានទៅលើ Farhan Halim របស់ឥណ្ឌូណេស៊ី និង វឿន វាសនា របស់កម្ពុជា
- Best middle blockers បានទៅលើ Trương Thế Khải របស់ វៀតណាម និង Hendra Kurniawan របស់ឥណ្ឌូណេស៊ី
- Best opposite spiker បានទៅលើ Napadet Bhinijdee របស់ថៃ
- Best libero បានទៅលើ Josh Ybañez របស់ហ្វីលីពីន

សូមរំលឹកថា ក្នុងការចូលរួមប្រកួតពានរង្វាន់បាល់ទះ SEA V Cup ក្រុមកម្ពុជា ធ្លាប់បានចូលរួមប្រកួតម្ដងនៅឆ្នាំ២០២៥ ដោយកាលនោះមានឈ្នះ Sea V.League តែមិនទទួលបានលទ្ធផលល្អឡើងដោយឆ្លងកាត់ ៨ប្រកួតចាញ់ទាំង ៨ប្រកួត។
គួរបញ្ជាល់ថា ក្រោយចប់ភារកិច្ចនៅហ្វីលីពីន ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ត្រៀមការប្រកួតជើងទី២ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៧:០០យប់
- ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៧:០០យប់៕


