ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ខណៈកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២:៤០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី១០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ក្នុងប្រតិបត្តិការនេះ មានវត្តមានលោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រមទាំងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ចូលរួមបញ្ជាការផ្ទាល់ ខណៈរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញជួយអន្តរាគមន៍យ៉ាងទាន់ពេលវេលា។
តាមការពិនិត្យស្រាវជ្រាវដំបូង សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី នៅខ្សែម៉ូទ័របូមខ្យល់ បង្កឱ្យភ្លើងឆេះរាលដាលពេញបន្ទប់ នៅជាន់ទី១ នៃផ្ទះ។
ហេតុការណ៍នេះ បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ៕
អត្ថបទ៖ តាតុងសែនជ័យ

