ព្រះវិហារ៖ ក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនគ្រួសារកងទ័ពជួរមុខចំនួន ១០គ្រួសារ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្ត និងសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

បេសកកម្មមនុស្សធម៌នេះ ត្រូវបានធ្វើឡើងតាមការចាត់តាំងរបស់ឯកឧត្តម កែវ ផុង ប្រធានក្រុមសេនាតេជោសន្តិភាព និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។

ក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារយោធិនទាំង១០គ្រួសារ ដែលក្នុងនោះក៏មានគ្រួសារយោធិនមួយដែលមានកូនខ្ចីផងដែរ។

អំណោយដែលបានផ្តល់ជូនរួមមាន អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ ចំពោះកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារជាតិ និងក្រុមគ្រួសាររបស់ពួកគេ ដោយជួយទំនុកបម្រុង និងលើកទឹកចិត្តក្នុងពេលជួបការលំបាក។

អត្ថបទ៖ បន្ទាយមានជ័យ

Share.