ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរអិលធ្លាក់ពីជាន់ទី២ ខណៈកំពុងឡើងលើរន្ទាធ្វើការងារជ្រីផ្ទះល្វែង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៥៥ នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ជនរងគ្រោះមានឈ្មោះ ភាន់ សុផាត អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមប្រភពពីកម្មកររួមការងារ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើរន្ទា ដើម្បីធ្វើការជ្រីផ្ទះល្វែងនៅជាន់ទី២ ផ្នែកខាងមុខផ្ទះ។ ខណៈកំពុងអូសបេតុងធ្វើការ បានឈោងផុតដៃជើង បណ្ដាលឱ្យរអិលធ្លាក់ចុះមកក្រោម បង្កឱ្យរងរបួសធ្ងន់ ត្រង់ចង្កេះ និងបែកក្បាល។
ក្រោយកើតហេតុ ក្រុមកម្មករបានហៅរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីព្យាបាលបន្ទាន់៕
អត្ថបទ៖ តាតុងសែនជ័យ

