គ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយទឹកភ្លៀងមូសុង បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ១៩នាក់ នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នេះ ខណៈដែលអាជ្ញាធរ និងកងកម្លាំងសង្គ្រោះបន្ទាន់ កំពុងប្រញាប់ប្រញាល់ធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងតំបន់ដែលរងការវាយប្រហារខ្លាំងជាងគេ។

យោងតាមអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សចំនួន ៨នាក់ បានស្លាប់នៅក្នុងរដ្ឋ Nagaland ស្ថិតនៅភាគឦសាន្តជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។ លោកអភិបាលស្រុក Mon នៃរដ្ឋ Nagaland បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមសង្គ្រោះស្វែងរកឃើញសពចំនួន ៤នាក់ហើយ ខណៈប្រតិបត្តិការស្វែងរកសព ៤នាក់ទៀតកំពុងបន្តយ៉ាងសកម្ម។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ១៥នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ។

ដោយឡែក មនុស្សចំនួន ១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួននៅក្នុងតំបន់ Jammu និង Kashmir ក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ទោះជាយ៉ាងណា កងកម្លាំងយោធាឥណ្ឌា និងក្រុមឆ្លើយតបអាសន្នប្រចាំរដ្ឋ អាចជួយសង្គ្រោះមនុស្សបាន ១១នាក់ រួមទាំងកុមារ ៥នាក់ចេញពីតំបន់គ្រោះថ្នាក់ផងដែរ។

ផ្អែកលើការព្រមានពីនាយកដ្ឋានឧតុនិយមឥណ្ឌា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តកើតមានក្នុងរយៈពេល ២ថ្ងៃខាងមុខ អាជ្ញាធរបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីបុណ្យឡើងភ្នំសាសនាហិណ្ឌូប្រចាំឆ្នាំ Amarnath នៅក្នុងតំបន់ Kashmir ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើធម្មយាត្រា។ កាលពីឆ្នាំមុន ព្រឹត្តិការណ៍សាសនារយៈពេល ១ខែនេះ បានទាក់ទាញសាសនិកហិណ្ឌូជាង ៤០០,០០០នាក់។ បន្ថែមពីនេះ អាជ្ញាធរក៏បានផ្អាកពិធីបុណ្យសាសនាទៅកាន់ប្រាសាទ Vaishno Devi ក្នុងតំបន់ Jammu ដែលតែងតែមានពុទ្ធសាសនិក និងអ្នកជំនឿរាប់លាននាក់មកទស្សនាក្នុងមួយឆ្នាំៗផងដែរ។

គួររំលឹកផងដែរថា គ្រោះទឹកជំនន់ និងគ្រោះថ្នាក់ផ្លូវគោកពាក់ព័ន្ធផ្សេងៗ តែងតែជាវិបត្តិប្រចាំឆ្នាំនៅទូទាំងប្រទេសឥណ្ឌាក្នុងអំឡុងរដូវភ្លៀងមូសុង ដែលជាពេលអាកាសធាតុមានការប្រែប្រួល បន្ទាប់ពីរដូវក្តៅ និងគ្រោះរាំងស្ងួត៕

ប្រភព៖ CNA

Share.