ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នឹងស្ថិតក្រោមឥទ្ធិពលសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលបន្តជះឥទ្ធិពលដល់របបខ្យល់មូសុងនិរតីលើប្រទេសកម្ពុជា។
តាមការព្យាករណ៍ តំបន់វាលទំនាបភាគច្រើន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើន នឹងមានអាកាសធាតុក្តៅ និងមិនមានភ្លៀងធ្លាក់ ដោយសីតុណ្ហភាពអាចកើនដល់៣៦អង្សាសេ។


ដោយឡែក តំបន់ខ្ពង់រាប ដូចជាខេត្តក្រចេះ តំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច អមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈតំបន់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កោះកុង និងតំបន់ជួរភ្នំបូកគោ ក៏អាចមានភ្លៀងរាយប៉ាយផងដែរ។

រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,៥០ម៉ែត្រ។ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ដែលអាចមានភ្លៀងធ្លាក់។


