ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,២៨១នាក់ ក្នុងនោះមានស្ត្រី ១០,៣៣១នាក់ និងកុមារ ៦,០៦៦នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ បន្ទាប់ពីភូមិ និងផ្ទះសម្បែងរបស់ពួកគេរងផលប៉ះពាល់ក្នុងតំបន់ព្រំដែន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដោយសារស្ថានភាពនៅតំបន់ព្រំដែន ខេត្តឧត្តរមានជ័យ មានសាលារៀន៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥កន្លែងបន្តបិទដំណើរការ។

ចំណែកខេត្តបន្ទាយមានជ័យ មានសាលារៀន៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១កន្លែងបន្តបិទ ខណៈខេត្តព្រះវិហារ មានសាលារៀន៧កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែងបន្តផ្អាកដំណើរការហើយទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើនទៀតបានរងការខូចខាត។

ក្នុងសេចក្តីប្រកាសដដែល ក្រសួងមហាផ្ទៃបានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះសភាប្រើភាសាបារាំង (APF) ដែលបានអនុម័តសេចក្តីសម្រេចគាំទ្របូរណភាពទឹកដីរបស់កម្ពុជា និងអំពាវនាវឱ្យគោរពអធិបតេយ្យភាព បទឈប់បាញ់ និងការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ជាពិសេសតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមសាមគ្គី និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់ និងច្បាប់អន្តរជាតិ ដើម្បីធានាការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការវិលត្រឡប់ទៅរកជីវភាពធម្មតារបស់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។

Share.