ឧត្តរមានជ័យ៖ ក្នុងស្មារតីមនុស្សធម៌និងសាមគ្គីភាពជាតិ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការប្រមូលផលកសិកម្ម ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់កងកម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងស្រុកចុងកាល់។



ជាក់ស្តែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្មខេត្ត បាននាំយកស៊ុតទាចំនួន ៩០០គ្រាប់, ត្រីអណ្តែង ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជចំនួន ១៥គីឡូក្រាម ទៅចែកជូនដល់កងកម្លាំងការពារព្រំដែន ក៏ដូចជាប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ព្រមទាំងកងកម្លាំងដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យផងដែរ។


បើតាមរបាយការណ៍សរុប គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ យុទ្ធនាការប្រមូលផលកសិកម្មក្នុងស្មារតី «ខ្មែរជួយខ្មែរ» សម្រេចបានចំនួន ៣៦លើក រួចមកហើយ ដោយប្រមូលផលបន្លែបង្ការ និងសាច់បានសរុបចំនួន ៤៥ ៩១០ គីឡូក្រាម រួមមាន៖
- បន្លែនិងផ្លែឈើ៖ ត្រកួន ២៨ ៨៤០គីឡូក្រាម, ស្ពៃចង្កឹះ ៤ ៦៨០គីឡូក្រាម, ស្ពៃក្រញ៉ាញ់ ២ ៣៥០គីឡូក្រាម, ស្ពៃតឿ ២៥០គីឡូក្រាម, ផ្ទី ៥០គីឡូក្រាម, ឪឡឹកក្រហម ៩ ៣០០គីឡូក្រាម, ឃ្លោក ១៤០គីឡូក្រាម, ល្ពៅ ១០០គីឡូក្រាម និងក្តិបឪឡឹក ២០០គីឡូក្រាម។
- ផលិតផលសត្វនិងវារីវប្បកម្ម៖ ស៊ុតទាសរុបចំនួន ៣២ ៣៧០គ្រាប់, ត្រីអណ្តែងចំនួន ៥០៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម។
សកម្មភាពដ៏ថ្លៃថ្លានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់មន្ត្រីជំនាញកសិកម្មចំពោះសុខទុក្ខរបស់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពជោគជ័យនៃការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ដែលអាចផ្គត់ផ្គង់សេចក្តីត្រូវការពិតប្រាកដក្នុងគ្រាអាសន្នបានយ៉ាងទាន់ពេលវេលា៕

