ម៉ានីល៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពេញបេសកកម្មការទូតយ៉ាងសកម្ម តាមរយៈការចូលរួមក្នុងកិច្ចប្រជុំពហុភាគីអាស៊ាន និងការជួបពិភាក្សាទ្វេភាគីដ៏សំខាន់។





ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសហ្វីលីពីន ដែលបានឈានជើងឡើងជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងខែកក្កដានេះ។
ទន្ទឹមនឹងនេះ របៀបវារៈដ៏សំខាន់នៃជំនួបនេះ គឺការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Ferdinand R. Marcos, Jr. ប្រធានាធិបតីហ្វីលីពីន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន កាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីហ្វីលីពីន អំពីការវិវត្តថ្មីៗចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីតម្លាភាព និងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងតំបន់។


បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)»។ កិច្ចប្រជុំនេះ ជាវេទិកាពហុភាគីដ៏មានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ស្របតាមគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន។
យុទ្ធនាការការទូតរបស់កម្ពុជានៅទីក្រុងម៉ានីល នាថ្ងៃនេះ មិនត្រឹមតែបង្ហាញពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមតាមខ្សែបន្ទាត់ព្រំដែនដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ចការតំបន់លើវិស័យសិទ្ធិមនុស្សជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតផងដែរ៕

