ព្រះសីហនុ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៦ករណី និងដកហូតវត្ថុតាងជាច្រើន ក្នុងគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។




ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុកពាក់ព័ន្ធ បើកការស្រាវជ្រាវ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្ត។
បទល្មើសដែលត្រូវបានបង្ក្រាប រួមមាន ករណីលួចកាត់ខ្សែភ្លើង ២ករណី, ករណីគាស់ទម្លុះលួចកាត់ខ្សែភ្លើង ១ករណី, ករណីរំលោភលើទំនុកចិត្ត ដោយខ្ចីម៉ូតូយកទៅបញ្ចាំ និងលក់ ២ករណី និងករណីលួចម៉ូតូ ១ករណី។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូ អាវុធខ្លី ទូរស័ព្ទដៃ ខ្សែភ្លើង និងឧបករណ៍ដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស។ ម៉ូតូមួយចំនួនដែលបានស្រាវជ្រាវរកឃើញ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញដោយជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈស្នងការដ្ឋាននគរបាលខេត្តអះអាងថា នឹងបន្តពង្រឹងការល្បាត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
អត្ថបទ៖ ព្រះសីហនុ

