ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងនូវការលើកឡើងរបស់ភាគីថៃ និងបានអំពាវនាវយ៉ាងទទូចឱ្យប្រទេសថៃឈប់បង្កើតលេសពន្យារពេលដោយចេតនា ហើយប្រញាប់វិលត្រឡប់មកបន្តដំណើរការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឡើងវិញ ដោយស្មោះត្រង់ និងមានសុច្ឆន្ទៈ។

ប្រតិកម្មយ៉ាងម៉ឺងម៉ាត់របស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីលោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំងថា ការដែលកម្ពុជាសម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើបញ្ហាព្រំដែនគោក។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការអះអាងរបស់ភាគីថៃ “មិនមែនជាការពិតទាល់តែសោះ”។ កម្ពុជាបានពន្យល់ថា ព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងគ្នា។ ការដែលកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធតែនឹងដែនសមុទ្រប៉ុណ្ណោះ ហើយមិនអាចយកមកធ្វើជាមូលដ្ឋានផល ឬជាលេសដើមចោទ ដើម្បីផ្អាកការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលបានព្រមព្រៀងគ្នាក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU ឆ្នាំ២០០០) និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះបានឡើយ។

ក្រសួងបានរំលឹកថា កន្លងមកថៃខ្លួនឯងបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីលើដែនសមុទ្រ ហើយទោះបីជាកម្ពុជាបានព្យាយាមស្នើសុំឱ្យបន្តកិច្ចចរចាក៏ថៃមិនព្រម ទើបកម្ពុជាត្រូវអនុវត្តសិទ្ធិតាមច្បាប់អន្តរជាតិដោយប្រើប្រាស់យន្តការ UNCLOS។ ដូច្នេះ គ្មានហេតុផលផ្លូវច្បាប់ ឬបច្ចេកទេសណាមួយ ដែលថៃត្រូវយកបញ្ហាសមុទ្រមកពង្រាយជារាំងស្ទះដល់ការងារព្រំដែនគោកនោះទេ។

បន្ថែមពីនេះ ក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ សភានៃប្រទេសនិយាយភាសាបារាំង (APF) បានអនុម័តសេចក្តីសម្រេចគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបានអំពាវនាវឱ្យមានការកាត់បន្ថយភាពតានតឹង និងជម្រុញឱ្យបន្តដំណើរការខណ្ឌសីមាព្រំដែនតាមយន្តការ JBC។ សហគមន៍អន្តរជាតិរំពឹងថា ថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ ព្រមទាំងការកំណត់ព្រំដែនគោកតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ក្រសួងការបរទេសកម្ពុជាក៏បានច្រាណចោលរាល់ចេតនាជាលេសយ៉ាងច្បាស់ក្រឡែត ដោយបញ្ជាក់ថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕

Share.