ភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Keir Starmer បានប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៃសហរាជាណាចក្រអង់គ្លេសជាផ្លូវការនៅថ្ងៃចន្ទ (២០ កក្កដា)។

លោក Starmer បានដើរចេញពីវិមាននាយករដ្ឋមន្ត្រី អមដោយសំឡេងអបអរសាទរ និងការទះដៃលើកទឹកចិត្ត រួចបានថ្លែងសារលាចេញពីតំណែងជាលើកចុងក្រោយនៅផ្លូវ Downing Street ថា៖
«ការងាររបស់ខ្ញុំត្រូវបានបញ្ចប់ហើយ»
លោកបានបន្តថា ការបានកាន់តំណែងជានាយករដ្ឋមន្ត្រីគឺជា «កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងជីវិត» របស់លោក ដោយបន្ថែមថា លោកមានជំនឿចិត្តថា ប្រទេសជាតិ «កាន់តែរឹងមាំ និងមានយុត្តិធម៌ជាងមុន» បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំមុន។

នៅក្នុងការថ្លែងសារលាចេញពីតំណែង អតីតនាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងនៅចុងបញ្ចប់នៃអាណត្តិរបស់លោកថា សេដ្ឋកិច្ចមានភាពរឹងមាំជាងមុន សេវាសាធារណៈទទួលបានការកែលម្អ កុមារជាច្រើនបានចាកផុតពីភាពក្រីក្រ ការអន្តោប្រវេសន៍ថយចុះ ហើយកិត្យានុភាពនៅលើឆាកអន្តរជាតិ «បានល្អប្រសើរឡើងយ៉ាងខ្លាំង»។ លោកបានបញ្ជាក់ថា អ្វីដែលលោកនឹងចងចាំ និងនាំយកទៅជាមួយច្រើនបំផុតពីការបំពេញការងារនេះ ដែលជាចម្លើយបង្ហាញពីភាពបន្ទាបខ្លួនបំផុតរបស់លោក គឺ «ការបានឈរនៅជួរមុខ និងបានឃើញនូវអ្វីដែលអស្ចារ្យបំផុតនៃប្រទេសនេះកំពុងកើតឡើងពិតប្រាកដ»។

លោក Starmer បានបង្ហើបថា លោកបានឃើញការណ៍នេះពីមនុស្សដែលធ្វើការបម្រើជាតិ មិនថាជាទាហាន មន្ត្រីក្នុងប្រព័ន្ធសេវាសុខាភិបាលជាតិ (NHS) ឬប្រជាជននៅក្នុងសហគមន៍ផ្សេងៗនោះទេ។
«បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹងពិភពលោកមួយដែលសត្រូវនឹងមិនឈប់ឈរក្នុងការព្យាយាមបំបែកបំបាក់យើងចេញពីតម្លៃដែលយើងប្រកាន់ខ្ជាប់នោះឡើយ។ នៅក្រោមការវាយប្រហារទាំងនេះ វាជារឿងសំខាន់បំផុតដែលយើងត្រូវចងចាំអំពីភាពអស្ចារ្យនៃប្រទេសអង់គ្លេសដែលស្ថិតនៅជុំវិញខ្លួនយើង»។
ក្រៅពីនេះ លោក Starmer ក៏បានលើកឡើងអំពីលោក Andy Burnham ដែលជាអ្នកមកបន្តវេនពីលោកផងដែរថា៖
«ខ្ញុំសូមជូនពរឱ្យគាត់ទទួលបានជោគជ័យគ្រប់ភារកិច្ច។ គាត់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីខ្ញុំ»។
អតីតនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ភរិយា គ្រួសារ និងក្រុមការងាររបស់លោកនៅក្នុងគណបក្សពលករ (Labour Party) រួមទាំងអ្នករាល់គ្នានៅឯផ្លូវ វិមានលេខ ១០ (No. 10 Downing Street) និងមន្ត្រីរាជការទាំងអស់ផងដែរ។
«នយោបាយនឹងតែងតែជាកីឡាប្រកួតជាក្រុមជានិច្ច ហើយខ្ញុំសូមអរគុណដល់ប្រជាជនអង់គ្លេសទាំងអស់ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានធ្វើការបម្រើ»។
លោក Starmer បានបិទបញ្ចប់ថា៖
«ខ្ញុំចាកចេញទៅដោយក្តីរីករាយ ដោយស្នាមញញឹម និងដោយក្តីមោទនភាពចំពោះគ្រប់អ្វីៗទាំងអស់ដែលយើងបានធ្វើសម្រេច»។

បន្ទាប់មក លោក Starmer បានធ្វើដំណើរតម្រង់ទៅកាន់ព្រះរាជវាំង Buckingham ដើម្បីទទួលការអនុម័តការលាលែងពីតំណែងពីព្រះចៅអធិរាជ Charles ទី ៣ ហើយបន្ទាប់មក រថយន្តរបស់លោក Burnham ក៏បានមកដល់ព្រះរាជវាំង Buckingham ដើម្បីទទួលការតែងតាំងជានាយករដ្ឋមន្ត្រីបន្ត៕

