កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បាន និងកំពុងបន្តចុះអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃយ៉ាងសកម្ម នៅតាមមូលដ្ឋានក្នុងខេត្ត ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាតម្រូវការចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋ។













យោងតាមការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
នៅក្នុងប្រតិបត្តិការស្នូលប្រចាំថ្ងៃនោះ កម្លាំងនគរបាលជំនាញបានចុះធ្វើការងារនគរបាលសហគមន៍ រួមទាំងការផ្សព្វផ្សាយនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានរៀបចំវេទិកាសាធារណៈនៅតាមបណ្ដាឃុំ-សង្កាត់ និងបានចុះល្បាតតាមខ្នងផ្ទះដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ដែលសកម្មភាពទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការកសាងទំនាក់ទំនងជិតស្និទ្ធរវាងសមត្ថកិច្ច និងប្រជាសហគមន៍។



















ក្រៅពីកិច្ចការងារការពារសន្តិសុខ កម្លាំងនគរបាលខេត្តព្រៃវែងក៏បានខិតខំប្រឹងប្រែងផ្តល់សេវាអត្តសញ្ញាណកម្មយ៉ាងសកម្មជូនប្រជាពលរដ្ឋ ក្នុងនោះរួមមានការផ្តល់សៀវភៅស្នាក់នៅ (ក២ និង ក៤) ព្រមទាំងការធ្វើសៀវភៅគ្រួសារថ្មីផងដែរ ដើម្បីសម្រួលដល់ការប្រៀបចំឯកសារផ្លូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ដោយឡែក ចំពោះកិច្ចការងារសម្រួលចរាចរណ៍វិញ កម្លាំងនគរបាលមកពីបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង១៣ រួមគ្នាចុះសម្រួលសណ្ដាប់ធ្នាប់ និងចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សនៅតាមសាលារៀននាពេលព្រឹក និងពេលចេញឡប់ទៅផ្ទះវិញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

