ហាងលក់បង្អែមជេឡាតូ (Gelato) ប្រ៊េន Parameter ក្នុងទីក្រុងបាងកក បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីអតិថិជនម្នាក់បានអះអាងថា នាងបានរងរបួសដោយសារតែមានបំណែកអំបែងកែវលាយនៅក្នុងជេឡាតូដែលនាងបានទិញ។ ជាមួយគ្នានេះ ហាងមួយនេះបានប្រកាសពង្រឹងវិធានការសុវត្ថិភាព និងពិនិត្យឡើងវិញនូវនីតិវិធីប្រតិបត្តិការរបស់ខ្លួនភ្លាមៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ២០ ខែកក្កដា ម្សិលមិញ ក្រុមហ៊ុនបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរូបនោះ និងបានទទួលស្គាល់ថា ហេតុការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់អតិថិជន។

តំណាងហាង Parameter បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងបុគ្គលិកបានចុះជួយអតិថិជនភ្លាមៗ ដោយបានណែនាំឱ្យទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ រ៉ាប់រងលើការចំណាយលើថ្លៃព្យាបាលទាំងអស់ ព្រមទាំងបន្តតាមដានសុខភាពរបស់នាងយ៉ាងយកចិត្តទុកទុកដាក់។ បន្ថែមពីនេះ បុគ្គលិកបានទាក់ទងទៅកាន់អតិថិជនសារជាថ្មី បន្ទាប់ពីនាងបានបង្ហោះសារលើបណ្តាញសង្គម ដើម្បីស្ដាប់នូវការព្រួយបារម្ភ និងផ្តល់ការជួយជ្រោមជ្រែងបន្ថែមទៀត។

ហាង Parameter បានចាត់ទុកហេតុការណ៍នេះជាមេរៀនដ៏សំខាន់ ហើយបានប្តេជ្ញានឹងបន្តកែលម្អការថែទាំអតិថិជន និងស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យកាន់តែល្អប្រសើរ។ ក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់អតិថិជនចំពោះទំនុកចិត្ត និងការរិះគន់ដើម្បីស្ថាបនា ដោយបន្ថែមថាខ្លួនមានបំណងបង្ហាញពីការទទួលខុសត្រូវតាមរយៈការកែលម្អជាបន្តបន្ទាប់។

ដោយឡែក នៅក្នុងហេតុការណ៍មួយផ្សេងទៀតដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើស្តង់ដារសុវត្ថិភាពចំណីអាហារក្នុងប្រទេសថៃ គ្រួសារទេសចរមួយក្រុមដែលកំពុងកម្សាន្តនៅខេត្តភូកេត បានប្រទះឃើញវត្ថុដែលមានរូបរាងដូចជា ម្ជុលស៊ឺរាំង ដែលប្រើប្រាស់រួច នៅលើចានអាហារ ក្នុងភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រ នៃសណ្ឋាគារមួយកន្លែង ដែលករណីនេះកំពុងរងការរិះគន់យ៉ាងក្តៅគគុកផងដែរ៕

ចុចអាន៖ អតិថិជនទាមទាងឱ្យហាងជេឡាតូ Premium សង្ស័យជារបស់តារាល្បីថៃ បកស្រាយករណីធ្វើឱ្យភ្ញៀវមុតមាត់ដោយសារអំបែងកែវ

ប្រភព៖ The Thaiger

Share.