ភ្នំពេញ៖ បរិយាកាសវិនិយោគ និងការកែទម្រង់ស៊ីជម្រៅរបស់កម្ពុជា កំពុងទាក់ទាញចិត្តវិនិយោគិនបរទេសយ៉ាងខ្លាំង ដោយក្នុងនោះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងចំនួន ១៥ បានបង្ហាញបំណងយ៉ាងច្បាស់លាស់ក្នុងការពង្រីកអាជីវកម្ម និងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមួយផ្នែកមកកាន់កម្ពុជា ដើម្បីចាប់យកឱកាសសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព គណៈប្រតិភូវិនិយោគិនកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា រួមជាមួយសភាពាណិជ្ជកម្មកូរ៉េ (KOCHAM) និងក្រុមហ៊ុន WorldBridge Group បានគូសបញ្ជាក់ពីផែនការបព្ចាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួននៅកម្ពុជា។

យ៉ាងណាមិញ នៅក្នុងចំណោមក្រុមហ៊ុនទាំង ១៥ មាន ៧ ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មស្រាប់នៅកម្ពុជា និងមានបំណងពង្រីកទំហំវិនិយោគបន្ថែម។ អ្វីដែលជាចំណុចកត់សម្គាល់ខ្លាំង គឺមាន ៦ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅប្រទេសវៀតណាម បានសម្តែងចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ ការវិនិយោគទាំងនេះ បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមាន យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុនិងធនាគារ, សំណង់, ព្រមទាំងវិស័យកម្សាន្ត និងវប្បធម៌។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ បានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃទំនាក់ទំនងការទូតឡើងវិញ (១៩៩៧-២០២៦)។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់វិនិយោគិន សម្តេចធិបតីបានសង្កត់ធ្ងន់លើវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលនីតិវិធីស្ថាប័ន (សាមញ្ញកម្ម) ផ្តល់ការអនុគ្រោះពន្ធ និងបង្កើតកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់វិនិយោគិន។ រាជរដ្ឋាភិបាល ក៏កំពុងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក) ព្រមទាំងពង្រឹងប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូន។

ដោយឡែកអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅប្រទេសជិតខាង មកលើទីផ្សារកម្ពុជា គឺជាសញ្ញាណបង្ហាញថា កម្ពុជាកំពុងក្លាយជា “ប៉ូលសេដ្ឋកិច្ច និងសង្វាក់ផ្គត់ផ្គង់ថ្មី” ដ៏មានប្រៀបក្នុងតំបន់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) និងបរិយាកាសវិនិយោគដែលមានភាពអំណោយផលខ្ពស់៕

https://troryorng.com/
Share.